ព័ត៌មានទាន់ហេតុការណ៍៖

១០ឆ្នាំនៃសង្គ្រាមស៊ីវិលនៅស៊ីរី សន្តិភាពនៅឆ្ងាយដាច់ស្រយាល

ចែករំលែក៖

ក្រោយរយៈពេលជាង១០ឆ្នាំ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី បានបន្សល់ទុកលទ្ធផលនៃការបែកបាក់គ្រួសារ បាត់បង់ទ្រព្យសម្បត្តិ ចំណែកសន្តិភាពវិញនៅឆ្ងាយដាច់ស្រយាល មិនទាន់ឃើញពន្លឺនៅឡើយ។
កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី ១៥ខែមីនាឆ្នាំ២០១១ ជាពេលវេលានៃការផ្ទុះសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ដោយផ្ទុះចេញពីការធ្វើបាតុកម្មនៅទូទាំងប្រទេសប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់អាសាដ ។ ១០ឆ្នាំកន្លងផុតទៅរដ្ឋាភិបាលស៊ីរី នៅតែឈរជើងរឹងមំាដដែល ដោយបដិវត្តន៍និទាឃរដូវមិនអាចផ្លាស់ប្តូរនយោបាយក្នុងប្រទេសស៊ីរីនោះបានឡើយ ។ សង្គ្រាមស៊ីវិល ការចង់ផ្លាស់ប្តូររបបគ្រប់គ្រងនៅស៊ីរី មិនបានសម្រេចឡើយ ដោយលទ្ធផលប្រទេសជាតិទាំងមូលរងការបំផ្លាញ ពលរដ្ឋជិត៤សែននាក់ស្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចោលស្រុកកំណើត។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានលើកឡើងថា ស្ថានភាពនៅក្នុងប្រទេសស៊ីរីគឺជាក្តីសុបិនអាក្រក់របស់ពលរដ្ឋស៊ីរី ក្រោយ១០ឆ្នាំនៃការផ្ទុះសង្គ្រាមស៊ីវិល ។ លោកបានជំរុញឲ្យមានសន្តិភាពនៅក្នុងប្រទេសស៊ីរី នាំមកនូវជិីវភាពរស់នៅធម្មតាវិញដល់ពលរដ្ឋ ។
រយៈពេល១០ឆ្នាំកន្លងមក ស៊ីរីមិនទទួលបានអ្វីនោះឡើយ ក្រៅពីបំផ្លាញប្រទេសជាតិ ។ សង្គ្រាមស៊ីវិលបានសម្លាប់មនុស្ស៣៨៨.០០០នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់១១៨ពាន់នាក់ និងកុមារ២២ពាន់នាក់។ ក្រៅពីនេះក៏មានពលរដ្ឋបាត់ខ្លួន២សែននាក់ និងរាប់លាននាក់ស្វែងរកការភៀសខ្លួនទៅកាន់ប្រទេសជិតខាង។
នៅពេលនេះដែររដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់ អាសាដ នៅតែបន្តគ្រប់គ្រងប្រទេសជាតិដដែល ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធបានបំផ្លាញខ្ទេចខ្ទីអស់ ។ ជាមួយគ្នានេះការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឲ្យការរស់នៅរបស់ពលរដ្ឋស៊ីរី កាន់តែវេទនាថែមទៀត។
តាមការវាយតម្លៃ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីបានបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង១២០០ពាន់លានដុល្លារ ហើយនឹងត្រូវចំណាយពេលជាច្រើន យ៉ាងតិចពី១០ទៅ១៥ឆ្នាំដើម្បីអភីវឌ្ឍប្រទេសជាតិ៕ ដោយ៖ធីរីណា

រូបភាព៖ VoV


ចែករំលែក៖