ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីលផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកទី៤ហើយចាប់តាំងពីផ្ទុះកូវីដ-១៩មក

ចែករំលែក៖

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទី៤ហើយ ចាប់តាំងពីការផ្ទុះកូវីដ- ១៩ មកទល់ពេលនេះ។
សារព័ត៌មាន AP នៅថ្ងៃទី១៥ខែមីនា បានផ្សាយថា ប្រធានាធិបតី Jair Bolsonaro បានសម្រេចតែងតាំង លោក Marcelo Queiroga ប្រធានសមាគមគ្រូពេទ្យបេះដូងប្រេស៊ីល ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំនួសលោក Eduardo Pazuello ។ លោក Marcelo Queiroga ជារដ្ឋមន្ត្រីទី៤ហើយចាប់តាំងពីការផ្ទុះកូវីដ-១៩ រយៈពេល១ឆ្នាំកន្លងមក។
ប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់ថា «ខ្ញុំបានស្គាល់លោក Marcelo Queiroga ជាច្រើនឆ្នាំកន្លងមក ហើយ គាត់មានសមត្ថភាពក្នុងការកាន់តំណែងដ៏សំខាន់មួយនេះ »។ ប្រធានាធិបតីបន្តទៀតថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលចាស់នឹងផ្តល់ ការងារដល់រដ្ឋមន្ត្រីថ្មីក្នុងរយៈពេល ២សប្តាហ៍ខាងមុខ។
ប្រធានាធិបតីបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលចាស់ គ្រប់គ្រងការងារបានយ៉ាងល្អ ។ នៅពេលនេះយើងចាំបាច់ត្រូវតែ សកម្មជាងនេះនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ លោក Pazuello ទទួលបានការតែងតាំង កាលពីខែឧសភាឆ្នាំ២០២០ បើទោះបីលោកមិនមានបទពិសោធន៍ នៅក្នុងវិស័យសុខាភិបាលក្តី។
បច្ចុប្បន្នប្រេស៊ីល មានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង១១,៥លាននាក់ ឈរលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីអាមេរិក និងមានអ្នកស្លាប់ជាង ២៧៩ពាន់នាក់៕ ដោយ៖ធីរីណា

រូបភាព៖ AP


ចែករំលែក៖