ភ្នំពេញ៖ បែកគ្នាដោយស្ងៀមស្ងាត់អស់រយៈពេលជាយូរមកហើយមែន ប៉ុន្តែ តារាសម្តែង ដេនីក្វាន់ នៅផ្ញើសារជូនពរទៅកាន់លោក ចាន់ មករា ជាអតីតស្វាមី ។ សារនេះត្រូវបានផ្ញើក្រោយពីនាងទទួលដំណឹងថាអតីតស្វាមីរូបនេះបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ខែមីនាកន្លងទៅនេះ។
លោក ចាន់ មករា ត្រូវបានគេស្គាល់ថា ជាអតីតអ្នកដឹកនាំសម្តែងនិងជាអតីតស្វាមី អ្នកនាង ដេនី ក្វាន់ ដែលបច្ចុប្បន្នលោកគឺជាថៅកែឃ្លាំងលក់រថយន្តCMR ពេលនេះបាននិងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬអតីតសណ្ឋាគារ The Great Duke។ក្រោយទទួលបានដំណឹងនេះ ដេនីក្វាន់ បានបញ្ចេញសារនៅលើគណនីហ្វេសប៊ុក ថា “ទោះជាយេីងបែកគ្នាហេីយក៏ដោយ តែក្តីបារម្ភនៅតែមាន ជូនពរឆាប់ជា នឹងឆ្លងផុតពីជំងឺកាចសាហាវមួយនេះ”។ សារនេះបានធ្វើឲ្យអ្នកដែលមិនទាន់បានដឹងអំពីរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរភ្ញាក់ផ្អើលដែរព្រោះតែគេមិនដែលបានដឹងអំពីដំណឺងស្នេហ៍តារាមួយនេះបែកបាក់គ្នាចាប់តាំងពីពេលណា ព្រោះតែកន្លងមកគេបានឃើញអ្នកទាំងពីរសាងភាពផ្អែមល្ហែមខ្លាំងរួមគ្នានោះ។
ក្រោយពីដឹងថាថៅកែឃ្លាំងលក់រថយន្តCMRមានវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោកបានសហការ ជាមួយក្រុមគ្រូពេទ្យចុះយកសំណាក នៅឃ្លាំងខាងលើនាផ្ទះលេខ ២៣៣ផ្លូវលេខ ២៣០ កែង២៥៥ ភូមិ៧ សង្កាត់បឹងសាឡាងបានចំនួន២៥នាក់ ស្រី៨នាក់។
គេដឹងដែរថា អ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN លោក ហាក់ សុខហេង ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកក៏ជាអ្នកមានទំនាក់ទំនងជាមួយនឹងលោក ចាន់ មករា ផងដែរ។ នៅល្ងាចថ្ងៃទី១៥ ខែមីនានេះដែរ បុគ្គលិកប្រចាំការមួយចំនួនធំរបស់ស្ថានីយទូរទស្សន៍នេះក៏បានក្រុមគ្រូពេទ្យចុះយកសំណាកដើម្បីតេស្តរកមេរោគផ្លុវដង្ហើមនេះដែរដោយតម្រូវឲ្យបុគ្គលិកទាំងអស់ស្នាក់នៅបណ្តោះអាសន្ននៅស្ថានីយ និងបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីតាមដាន។
គួរបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕
ដោយ៖ វឌ្ឍនា