ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកខឿននៅមុខផ្ទះវីឡាមួយហើយជនរងគ្រោះនិងម៉ូតូបានហោះបោកផ្ទប់និឹងបង្គោលភ្លើងបណ្តាលឲ្យបោកក្បាលបាក់កស្លាប់ភ្លាមមួយរំពេច នៅនិឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៦និង ១០នាទីរសៀលថ្ងៃទី ១៦ មីនា ២០២១ នៅលើកំណាត់ផ្លូវបេតុងលេខ១៩៥០ ស្ថិតក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នួន សុផល អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GD.4728 ធ្វើដំណើរម្នាក់ឯង។
មុនពេលកើតហេតុតាមសាក្សីដែលឃើញហេតុការណ៍ បានបញ្ជាក់ឱ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះជិះម៉ូតូខាងលើម្នាក់តែឯង តាមបណ្តោយផ្លូវលេខ១៩៥០ ក្នុងទិសដៅពីកើតទៅលិច ដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោង២តង់ បណ្តាលឱ្យជនរងគ្រោះគ្រប់គ្រងលំនឹង ម៉ូតូលែងបានក៏ជ្រុលទៅបុកខឿនមុខវីឡាគេធ្វើឱ្យហោះឡើងទៅបុកបង្គោលភ្លើងបាក់កស្លាប់ភ្លាមមួយរំពេចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងរៀបចំឯកសារកំណត់ហេតុសព រួចហើយឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីឱ្យបងប្អូនយកឯកសារពាក់ព័ន្ធមកយកម៉ូតូត្រឡប់ទៅវិញ ៕
ដោយ៖ និន សុភ័ស្ត