ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន

ចែករំលែក៖

ភ្នំពេញ, រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។

គណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដូចតទៅ ៖
– គ្រប់គ្រងដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ- ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស
– ពិនិត្យរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ -១៩ នៅទូទាំងប្រទេស
-បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩
– ផ្គត់ផ្គង់ ថវិកា សម្ភារៈ បរិក្ខារចាំបាច់ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩
– បែងចែកវ៉ាក់សាំងកូដ-១៩ ទៅតាមទឹកន្លែងចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស
– ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
– សម្របសម្រួលកិច្ចការចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ
– សម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំងកូដ-១៩
– រៀបចំប្រព័ន្ធរបាយការណ៍ និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល
– កិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូដ-១៩។
– គណៈកម្មការនេះ មានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរ ការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក-សមាជិកា ទៅតាមការចាំបាច់។
– សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវ ចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន និងអនុវត្តភារកិច្ចទៅតាមការចាត់ចែងរបស់ប្រធាន។
– គណៈកម្មការចំពោះកិច្ចនេះ អាចអញ្ជើញដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំង ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់។
– គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាល។
– នៅតាមក្រសួង ស្ថាប័ន និងរាជធានី -ខេត្ត ត្រូវរៀបចំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលខុសត្រូវលើសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ . ក្រោមសមត្ថកិច្ចរបស់ខ្លួន និង ការងារប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត អនុលោមទៅតាមការសម្រេច របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១ ៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងតាមដាន រាយការណ៍វឌ្ឍនភាពការងារចាក់វ៉ាក់សាំងជាប្រចាំថ្ងៃ ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ និង ឱ្យបានទៀងទាត់។

សូមបញ្ជាក់ថា, សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានសមាសភាព ៤៧ រូប៕

ដោយ, សុខ ខេមរា


ចែករំលែក៖