ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះភ្លើងប្រចណ្ឌ! លីកាំបិតទៅកាប់ផ្ដាច់ជីវិតទាំងកណ្ដាលថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ផ្ទុះភ្លើងប្រចណ្ឌជាមួយយុវជនវ័យ២១ឆ្នាំម្នាក់ជាអ្នកភូមិជាមួយគ្នាថា លួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួន ក៏លីកាំបិតផ្គាក់ទៅកាប់៤កាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថៃ្ងទី១៦ ខែមីនា ឆ្នាំ ២០២១ នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង។
ជនដៃដល់ឈ្មោះម៉ៃ សៅគៀង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះសែម ភា ហៅវ៉េវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា។

មុនពេលកើតហេតុ ជនដៃដល់មានកាប្រចណ្ឌជាមួយជនរងគ្រោះជាអ្នកភូមិជាមួយគ្នាថា បានលួចទាក់ទងស្នេហាជាមួយប្រពន្ធខ្លួន ក៏បានលីកាំបិតមកកាប់ជនរងគ្រោះ ចំនួន៤កាំបិត ចំក្បាលលើត្រចៀកខាងស្ដាំ ១កាំបិត, ចំកញ្ចឹងកសង្ខាង ២កាំបិត និងចំកែងដៃខាងស្ដាំ ១កាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ ជនល្មើសត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន រួមជាមួយវត្ថុតាង៖ កាំបិតផ្គាក់១ ហើយបញ្ជូនមកអធិ ការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ចាត់ការបន្ត៕

ដោយ៖សូរិយា


ចែករំលែក៖