ខេត្តកណ្ដាល៖ ជនជាតិបង់ក្លាដែសម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ បានយកទ្រព្យសម្បត្តិជនរងគ្រោះជាមិត្តភក្តិរបស់ខ្លួន ខណៈដែលជនរងគ្រោះជាមិត្តភក្តិឲ្យជួយមើលថែទាំចាំផ្ទះឱ្យដោយក្រុមគ្រួសារជនរងគ្រោះទៅដើរកម្សាន្តនៅខេត្តកំពត។ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដែលករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បាហ្គែត តារ៉ុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ មី អ៉ឹមឌីហាមប៊ីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរនៅផ្ទះ
មានទីលំនៅភូមិ/សង្កាត់/កើតហេតុ ។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកCBពណ៌ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង1E-4383 (របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានឲ្យជនសង្ស័យជួយមើលថែផ្ទះឱ្យ ដោយខ្លួននាំគ្រួសារទៅដើរកម្សាន្តនៅខេត្តកំពត។ លុះត្រឡប់មកពីកំពតវិញស្រាប់មិនឃើញជនសង្ស័យនៅផ្ទះ ហើយម៉ូតូមួយគ្រឿងនិងប្រាក់ចំនួន៧០០០ដុល្លារត្រូវបានបាត់បង់ ។លុះមកដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីយប់ ជនសង្ស័យត្រូវជនរងគ្រោះចាប់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចតែម្តង៕