ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាកខេត្តព្រៃវែង និងភរិយាព្រមជាមួយលោកអភិបាលរងខេត្ត និងសហការី នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បាននាំនូវអំណោយ និងសម្ភារៈមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងបានបែងចែកអំណោយសម្ភារៈ ជាច្រើនផ្សេងទៀត ដល់បណ្តាអាជ្ញាធរក្រុងស្រុកទាំង១៣ដើម្បីជួយឧបត្ថម្ភកន្លែងធ្វើចត្តាឡីស័កក្នុងស្រុករបស់ខ្លួននីមួយៗ។
សូមបញ្ជាក់ផងថា ទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លាដែលកើតចេញការផ្តួចផ្តើមពីភរិយាខ្ញុំបាទ និងការគៀរគងសប្បុរសជននានា ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗដែលបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងត្រូវធ្វើចត្តាឡីស័កនាពេលនេះ។
នេះជាកាយវិការ និង ទឹកចិត្តដ៏ស្មោះសរបស់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនពលករដែលមកធ្វើចត្តាឡីស័ក ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវខិតខំជួយបងប្អូនអោយអស់លទ្ធភាព។
លើសពីនេះទៀតដែរ លោក ជា សុមេធី បានអំពាវនាវដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាតតាមរយៈ “៣ការពារ ៣កុំ” ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖សហការី