ទីក្រុងចឺជាំង ៖ នាវេលព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ដងទន្លេជៀសុីង និងសាលអនុស្សវរីយ៍បដិវត្តន៍ណានហ៊ូ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក Yuan JiaJun លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត។ លោក បានមានប្រសាសន៍ថាមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្តចឺជាំង គឺជាកន្លែងដែលកប៉ាល់ក្រហមនៃបដិវត្តចិនបានចាប់ផ្តើមដែលជាកន្លែងដំបូងគេសម្រាប់ការកែទម្រង់ ហើយជាកន្លែងសំខាន់មួយដែលគំនិតរបស់ លោកប្រធានាធិបតី Xi JinPing ស្តីពីសង្គមនិយមនៅក្នុងយុគសម័យថ្មីបានលេចចេញជាផ្លូវការ ។ លោក បានសម្តែងក្តីសង្ឃឹមថាតាមរយះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងកាន់តែឈ្វេងយល់យ៉ាងស៊ីជម្រៅថែមទៀតចំពោះខេត្តចឺជាំង និងជំរុញឱ្យភាគីទាំងពីរកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បីជំរុញឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគ្នាលើវិស័យ និងកម្រិតផ្សេងៗជាពិសេសធ្វើឱ្យស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខភាព ទេសចរណ៍ និងផ្នែកផ្សេងៗជាច្រើនទៀត។ យើងនឹងអនុវត្តការមូលមតិគ្នាដែលបានសំរេចដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅចឺជាំងខាងកើតឱ្យដល់កំរិតខ្ពស់មួយ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យថ្លែងក្នុងឱកាសនោះថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយដែលបានមកទស្សនា ខេត្តចឺជាំង ជាថ្មីម្តងទៀត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័សរបស់ទីក្រុងចឺជាំង គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលបានបង្កើតឡើងដោយប្រជាជនចិនក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន។ ព្រះអង្គ សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី Xi JinPing ប្រទេសចិននឹងទទួលបានការអភិវឌ្ឍថ្មីៗនិងកាន់តែប្រសើរថែមទៀត។ ព្រះអង្គ សង្ឃឹមថាតាមរយៈព្រះរាជដំណើរទស្សនកិច្ចនេះ យើងនឹងទទួលមរតក និងបន្តនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ សិលា