ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាញ់ប្រហារនៅហាងម៉ាស្សា បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាមេរិកដើមកំណើតអាស៊ី

ចែករំលែក៖

បើទោះបីមិនទាន់រកឃើញមូលហេតុច្បាស់លាស់ពាក់ព័ន្ធករណីជនជាតិអាស៊ី៦នាក់ស្លាប់ ដោយការបាញ់ប្រហារនៅក្នុងហាងម៉ាស្សារបស់ជនជាតិអាស៊ី នៅGeorgia បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាស៊ីរស់នៅអាមេរិក។

ករណីបាញ់ប្រហារនៅហាងម៉ាស្សា និងស្ប៉ា (Spa)ចំនួន៣កន្លែង នៅGeorgia បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមាន ៦នាក់ជាជនជាតិអាស៊ី ។ ចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅក្នុងទឹកដីអាមេរិកមក ការរើសអើងជាតិសាសន៍ជាមួយជនជាតិអាស៊ី ក៏បានកើតឡើង ដោយសារតែមានការចោទប្រកាន់ ថាកូវិដ-១៩កើតចេញពីចិន ។ មិនតែប៉ុណ្ណោះ អតីតប្រធានាធិបតីធ្លាប់ហៅ វីរុសកូវីដ-១៩ ជាវីរុសចិន។
ការដែលពលរដ្ឋរងការសម្លាប់នៅក្នុងរដ្ឋGeorgia គឺដូចជាការព្រមានដល់ជនជាតិអាស៊ីដែលរស់នៅក្នុងទឹកដីអាមេរិកដែរ ។ ពលរដ្ឋអាស៊ី ក៏ដូចជាបណ្តាហាង ផ្សេងៗបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាសំដៅទៅលើពលរដ្ឋអាស៊ី។
កាលពីថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា មានជនរងគ្រោះ៤នាក់ក្នុងចំណោមអ្នកស្លាប់គឺជាជនជាតិកូរ៉េខាងត្បូង ។ ប៉ូលិសអាមេរិក ក៏បានចាប់ខ្លួនបុរសវ័យ២១ឆ្នាំឈ្មោះ Robert Aaron Long ។
មនុស្សជាច្រើនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីការរើសអើងជាតិសាសន៍ សំដៅទៅលើជនជាតិ អាស៊ី ។ ប៉ុន្តែកម្លាំងប៉ូលិសGeogia បានបញ្ជាក់ថា ជនដៃដល់ បាញ់ប្រហារមានគោលដៅផ្សេងមិនមែនជាការរើសអើងជាតិសាសន៍ឡើយ។
បណ្តាតំណាងរាស្ត្រអាមេរិកមានដើមកំណើតអាស៊ី បានបង្ហាញក្តីបារម្ភពីបញ្ហាដែលកំពុងតែកើតឡើង នៅក្នុងទឹកដីអាមេរិក នាពេលនេះ។ បើមិនមានវិធានការទប់ស្កាត់ទេនោះ ស្ថានភាពកាន់តែអាក្រក់ ការរើសអើងជាតិសាសន៍នឹងគ្របដណ្តប់នៅអាមេរិក ហើយពលរដ្ឋអាស៊ី នឹងក្លាយជាជនរងគ្រោះ៕ ដោយ៖ធីរីណា

រូបភាព៖AP


ចែករំលែក៖