ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខណៈរូបគាត់ចង់ឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចហើយក៏បានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនអូសទៅទឹកបៀខាងក្រោយផ្ទះ តែចៃដន្យអាក្រក់បណ្ដាលឲ្យខ្សែភ្លើងឆក់បង្កការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ប៉ោ ទី អាយុ៤០ឆ្នាំ មុខរបរកសិករនៅភូមិសំរោងឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានតខ្សែភ្លើងអូសសំដៅទៅទឹកបៀខាងក្រោយផ្ទះប្រមាណ៣ម៉ែត្រក្នុងគោលបំណងឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចតែចៃដន្យអាក្រក់មានការធ្វេសប្រហែសបណ្ដាលឱ្យខ្សែភ្លើងដែលរបកសំបកជ័រឆក់ដេកដួលលើដីសន្លប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះនិងដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែកតែជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ទៅហើយ។
ក្រោយពីធ្វើកំណត់ហេតុនិងពិនិត្យសពរួចមក សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន