ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ឃ្មួញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា (បើករថយន្តថយក្រោយបុកជនរងគ្រោះស្លាប់) កាលពីវេលាម៉ោង៧និង៥៧នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់អេតចាយគ្រឿងសំណង់ក្នុងដីឡូត៍គ្មានលេខ ផ្លូវលេខ១០១៩ ក្រុម៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន ពិសិដ្ឋ (ហៅសិត) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ពៅ ឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែងចល័ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ស្លាប់នៅកន្លែងកើតហេតុ ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈកម្មករកំពុងលីសែងស៊ីម៉ងត៍ចេញពីលើឡានពេលនោះស្រាប់តែជនបង្កបានឡើងបើករថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យបុកផ្ទប់ជនរងគ្រោះដែលនៅខាងក្រោយជាមួយ
និឹងរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យស្លាប់តែម្តង។
សម្ភារបន្សល់ទុក មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4883 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា