ព័ត៌មានទាន់ហេតុការណ៍៖

បទបញ្ជាឱ្យពលករបរទេសនៅឃ្យ៉ុងគី និងសេអ៊ូល ធ្វើតេស្តកូវីដនោះ នឹងត្រូវកែឡើងវិញ ក្រោយពីសហគមន៍ការទូតអន្តរជាតិតវ៉ាខ្លាំង ថាជាការរើសអើងលើជនបរទេស

ចែករំលែក៖

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News)បានផ្សាយថា,  វិធានការរដ្ឋបាលតម្រូវឱ្យពលករ និងអ្នកធ្វើការបរទេសនៅក្នុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដូ ទៅធ្វើតេស្តកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ជាកំហិតនោះ ត្រូវទទួលការិះគន់យ៉ាងខ្លាំងពីសហគមន៍បរទេសនៅកូរ៉េ រួមទាំងតំណាងការទូតបរទេសធំៗក្នុងប្រទេសកូរ៉េផងដែរ ដែលបានចេញមុខតវ៉ាជាបន្តបន្ទាប់ទៅអជ្ញាធរកូរ៉េ ។ នេះបើតាមព័ត៌មានចុះផ្សាយដោយសារព័ត៌មាន Korea Times និង​ Reuters នៅយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដកស្រង់ដោយគេហទំព័រ(ខ្មែរនៅកូរ៉េ News)។

បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Korea Times ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសកូរ៉េ James Kim បានបង្ហើបប្រាប់ថាលោកបានទទួលការជូនដំណឹងបឋមពីសំណាក់រដ្ឋាភិបាលកូរ៉េថា បទបញ្ជារបស់សាលាក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីតម្រូវឱ្យពលករបរទេសទាំងអស់ទៅធ្វើតេស្តកូវីដជាកំហិតនេះ អាចនឹងត្រូវធ្វើការកែសម្រួលឆាប់ៗខាងមុខនេះ។ ការកែសម្រួលនេះដោយសារតែមានការចេញមុខតវ៉ាបន្តបន្ទាប់ពីសំណាក់តំណាងការទូតអន្តរជាតិជាច្រើន រួមនឹងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ជនបរទេសក្នុងប្រទេសកូរ៉េផងដែរ ដែលបានលើកឡើងថា វិធានការនេះមានលក្ខណៈរើសអើងប្រឆាំងជនបរទេសខ្លាំងក្នុងសង្គមកូរ៉េ។

ក្នុងនោះដែរ លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ផងដែរថាខ្លួនបានធ្វើការទំនាក់ទំនងបន្តបន្ទាប់ជាមួយសហគមន៍ធុរជនអន្តរជាតិក្នុងប្រទេសកូរ៉េ និងបានពិភាក្សាគ្នាលើបញ្ហានេះផងដែរមុននឹងលើកការមិនពេញចិត្តនេះទៅកាន់តំណាងរដ្ឋាភិបាលជាបន្តបន្ទាប់។

ចំណែកឯស្ថានទូត និងស្ថាប័នបរទេសធំៗដទៃទៀត ដូចជាស្ថានទូតបារាំង ស្ថានទូតកាណាដា និងស្ថានទូតអង់គ្លេស សភាពាណិជ្ជកម្មអឺរ៉ុប ក៏បានចេញមុខតវ៉ាផងដែរទៅលើចំណាត់ការបែបនេះ ដោយបានលើកឡើងបញ្ជាក់ប្រាប់ទៅកាន់ប្រជាជនរបស់ខ្លួនរៀងៗខ្លួនថា វិធានការនេះនឹងត្រូវបានកែសម្រួលក្រោយពីតំណាងស្ថាប័ននីមួយៗបានដាក់ការតវ៉ារួមគ្នា និងដោយឡែកផ្សេងៗគ្នាទៅកាន់អជ្ញាធរពាក់ព័ន្ធរបស់កូរ៉េ រួមទាំងគណៈកម្មការសិទ្ធមនុស្សរបស់កូរ៉េខាងត្បូងផងដែរ។

វិធានការរដ្ឋបាលរបស់ក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគី ក្រោយពីបានដាក់ចេញភ្លាម ត្រូវបានសហគមន៍បរទេសនៅក្នុងកូរ៉េ ធ្វើការរិះគន់មិនសំចៃមាត់ និងបានលើកឡើងថានេះជាទំរង់នៃការរើសអើងក្នុងសង្គមកូរ៉េ ដែលកន្លងមកតែងកើតមានជាញឹកញាប់ក្នុងទំរង់ផ្សេងៗគ្នាផងដែរ។ លើសពីការតវ៉ាអំពីភាពរើសអើង គេក៏បានរិះគន់ទៅលើភាពមិនច្បាស់លាស់នៃបទបញ្ជាទាំងនេះផងដែរ ជាពិសេសលើប្រសិទ្ធភាពនៃបទបញ្ជាផងដែរ ដែលហាក់មិនមានប្រសិទ្ធភាពក្នុងការតាមដានរកអ្នកដែលមានហានិភ័យខ្ពស់ក្នុងការចម្លងកូវីដ ពិតប្រាកដនោះទេ។

ការលើកឡើងពីការតវ៉ានេះ ក៏មានការគាំទ្រពីសំណាក់សមាជិកសភាកូរ៉េខាងត្បូង មកពីគណបក្សកាន់អំណាចផងដែរ ដូចជាលោក Lee Sang-min ដែលបានលើកឡើងក្នុងទំព័រហ្វេសប៊ុកខ្លួនថា វិធានការនេះជាការបំពានសិទ្ធមនុស្ស ដែលនឹងធ្វើឱ្យកិត្តិយសកូរ៉េខាងត្បូងលើឆាកអន្តរជាតិអាប់ឱន ហើយវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមិនត្រូវមានការបែងចែកខុសគ្នារវាងប្រជាជនកូរ៉េ និងប្រជាជនបរទេសនោះឡើយ។

យ៉ាងណាមិញ ខ្លឹមសារនៃការកែសម្រួលថ្មីលើវិធានការរដ្ឋបាលដែលគេរិះគន់យ៉ាងខ្លាំងនេះ មិនទាន់ត្រូវបានប្រកាសដោយអជ្ញាធរកូរ៉េខាងត្បូងនោះទេ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តឃ្យ៉ុងគី បានប្រកាសតម្រូវឱ្យពលករបរទេសទាំងអស់ក្នុងខេត្តនេះ ចំនួនដល់ជាង ៨៥,០០០នាក់ ត្រូវទៅធ្វើតេស្តជំងឺកូវីដ-១៩ ឱ្យបានមុនថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ហើយកាលពីថ្ងៃទី១៦ មីនា ២០២១ នេះ​ សាលាក្រុងសេអ៊ូលបានចេញសេចក្តីប្រកាសប្រហែលគ្នានេះដែរ តម្រូវឱ្យរាល់ពលករ និងអ្នកធ្វើការជាតិបរទេស រួមទាំងថៅកែផងនឹងត្រូវទៅធ្វើតេស្តកូវីដ-១៩ ចាប់ផ្តើមអនុវត្តពីថ្ងៃពុធទី១៧ មីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ខាងមុខ។

តាមការបញ្ជាក់ក្នុងសារព័ត៌មាន Reuter កន្លងមកខេត្តឃ្យ៉ុងគីមានពលករបរទេសទៅធ្វើតេស្តចំនួន ២៣៤,៥៣៧នាក់ ដែលក្នុងនោះមាន២០៣នាក់ត្រូវបានរកឃើញវិជ្ជមាន៕

ដោយ៖ សិលា


ចែករំលែក៖