ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម និងកាំភ្លើងធំឡើងទៅវគ្គ៨ក្រុម ខណៈមាន់ខ្នាយមាសបាត់បង់ឱកាសឡើងទៅប្រកួតវគ្គបន្តពានរង្វាន់ Europa League

ចែករំលែក៖

ក្រុមខ្លាំង២របស់អង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League រដូវកាលនេះ ក្រោយពីប្រកួតជើងទី២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានបាត់បង់ឱកាសឡើងទៅវគ្គបន្តដោយសារចាញ់គូប្រកួតក្នុងជើងទី២។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៩ មីនានេះ។

ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមខ្លាំងមកពីអ៊ីតាលី AC Milan ក្នុងលទ្ធផល១ទល់០សម្រាប់ជើងទី២ ដែល១គ្រាប់ជ័យជម្នះនេះរកបានដោយខ្សែបម្រើសញ្ជាតិបារាំង Paul Pogba នៅនាទីទី៤៨ ក្នុងតង់ទី២។ ១គ្រាប់នេះជាជ័យជម្នះដ៏ធំធេងសម្រាប់ក្រុមបិសាចក្រហមដែលសរុបទាំង២ជើងគឺ២ទល់១ (ជើងទី១ លទ្ធផល១ទល់១)។

លទ្ធផលនេះក្រុមបិសាចក្រហម Manchester United បានចាញ់តែ១លើកគត់ក្នុងចំណោមការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Europa League (ឈ្នះ១២ ស្មើ៧) ដែលធ្លាប់បរាជ័យ ២-១ ដោយក្រុម Sevilla ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីរដូវកាល ២០១៩-២០២០ ។

ចំណែកក្រុមកាំភ្លើងធំ Arsenal ក៏បានឡើងទៅកាន់វគ្គ៨ក្រុមដែរ បើទោះបីចាញ់ក្រុម Olympiakos ក្នុងជើងទី២ក្នុងលទ្ធផល១ទល់០ក៏ដោយ ព្រោះកាលពីប្រកួតជើងទី១ ក្រុមកាំភ្លើងធំគឺបានយកឈ្នះក្រុម Olympiakos ក្នុងលទ្ធផល៣ទល់១រួចទៅហើយ។ ដូច្នេះសរុបទាំង២ជើង ក្រុម Arsenal បានយកឈ្នះក្នុងលទ្ធផល៣ទល់២ មានឱកាសឡើងទៅកាន់វគ្គបន្តដោយងាយ។

ក្រុមកាំភ្លើងធំ Arsenal បានឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី៤ ក្នុងការប្រកួត Europa League / UEFA Cup ចំនួន៥លើកចុងក្រោយ (បានធ្លាក់នៅវគ្គ៣២ចុងក្រោយកាលពីរដូវកាលមុន) បន្ទាប់ពីខកខានមិនបានឈានដល់វគ្គនេះ ក្នុងរាល់ការប៉ុនប៉ងបង្ហាញខ្លួន៥លើកដំបូងរបស់ក្រុមមួយនេះ

ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham បរាជ័យក្រោមថ្វីជើងក្រុម Dinamo Zagreb ក្នុងម៉ោងបន្ថែម។ កាលពីប្រកួតជើងទី១ក្នុងទឹកដី Tottenham ក្រុមនេះបានយកឈ្នះក្រុម Dinamo Zagreb ក្នុងលទ្ធផល២ទល់០ ប៉ុន្តែការប្រកួតជើងទី២ កីឡាករ Oršić របស់ក្រុមDinamo Zagreb រកបាន២គ្រាប់ក្នុងរយៈពេល៩០នាទី តម្រូវឲ្យអាជ្ញាកណ្តាលបន្ថែមម៉ោង១៥នាទី២ដង។ ការប្រកួតចូលដល់នាទីទី១០៦ កីឡាករ Oršić ធ្វើបានល្អ ដោយរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្នុងម៉ោងបន្ថែមក្រុម Dinamo Zagreb ទទួលបានជ័យជម្នះ៣ទល់០ សរុបទាំង២ជើងគឺ៣ទល់២។

លទ្ធផលនេះធ្វើឲ្យក្រុម Tottenham ធ្លាក់ចេញពី Europa League ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលនេះជាលើកទី៣ហើយសម្រាប់លោក Jose Mourinho បានចាញ់ការប្រកួតក្នុងការប្រកួតពានរង្វាន់អឺរ៉ុប ក្នុងចំណោមនោះក្រុម Tottenham ចាញ់ RB Leipzig នៅខែមីនា ឆ្នាំ២០២០) ចាញ់ Real Madrid និងចាញ់ Borussia Dortmund កាលពីខែមេសា ឆ្នាំ២០១៣

សូមបញ្ជាក់ថា ៨ក្រុមចុងក្រោយដែលត្រូវឡើងទៅប្រកួតបន្តគឺក្រុម Manchester United (អង់គ្លេស), Arsenal (អង់គ្លេស), DinamoZagreb (ក្រូអាត), Roma (អ៊ីតាលី), Ajax (ហុល្លង់), Villarreal(អេស្ប៉ាញ), Granada (អេស្ប៉ាញ) និងក្រុម Slavia Praha (ឆេក) ដោយ៖ ភារៈ


ចែករំលែក៖