ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាថៅកែទិញលក់ស្រូវម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចគាស់ផ្ទះប្រមូលយកលុយអស់រាប់រយលានរៀលនិងរាប់រយដុល្លារនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះស្ត្រីដែលជាថៅកែទិញ-លក់ស្រូវម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ចូលប្រមូលយកលុយអស់រាប់រយលានរៀល និងប្រាក់ដុល្លាររាប់រយដុល្លារ ដែលករណីនេះបានកើតឡើងប្រហែល​ជាវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ជា ស៊ី​ឡា​ង អាយុ​៤១​ឆ្នាំ មានមុខរ​បរជា​ថៅកែ​ទិញ​-លក់​ស្រូវ រស់នៅ​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។

សម្ភារបាត់បង់​មានដូច​ជា៖ ១-​ប្រាក់​រៀល​៤៥០​លាន​រៀល មាន​ប្រភេទ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល និង​៥​ម៉ឺន​រៀល, ២-​ប្រាក់​រៀល​១៣០​លាន​រៀល ប្រភេទ​ក្រដាសប្រាក់​៥​ម៉ឺន​រៀល និង​ប្រភេទ​ក្រដាស់ប្រាក់​រៀល​ចម្រុះទុក​ក្នុង​កន្ត្រកជ័រ​ពណ៌​ខៀវ, ៣-​ប្រាក់​រៀល​៧.០០០.០០០​រៀលជាប្រភេទ​ក្រដាសប្រាក់​៥​ម៉ឺន​រៀល និង​ប្រភេទ​ក្រដាស់ប្រាក់១​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ ៣០០​ដុល្លារ​អា​មេ​រិ​កជា​ប្រភេទ​ក្រដាសប្រាក់​១០០ដុល្លារមាន​៣​សន្លឹក ទុក​ក្នុង​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​លាយ​ពណ៌​លឿង ។ បើ​សរុប​ប្រាក់​ដែល​បាត់បង់​មាន ៥៨៧​លាន​រៀល និង​ប្រាក់​ដុល្លារ ៣០០​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ដដែលបន្តថា​ នៅមុន​ពេល​កើតហេតុ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ តុង ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ ជា​អ្នក​ប្រកប​មុខរបរ​វេរ​ប្រាក់​មានផ្ទះ​លេខ​៤១ ជា​អ្នក​រស់នៅ​ម្តុំ​ជិត​ផ្សារ​អូឡាំ​ពិក រាជធានី​ភ្នំពេញ បាន​យក​ប្រាក់​៥០០​លាន​រៀល មាន​ប្រភេទ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល និង​៥​ម៉ឺន​រៀលយក​ទៅ​ឲ្យ​គាត់ (​ជន​រង​គ្រោះ​)​ដល់​ផ្ទះ ដែល​ប្រាក់​នេះ​សម្រាប់​បង្វិល​ក្នុង​ការ​រកស៊ី​ទិញ​លក់​ស្រូវ ។ ក្រោយ​ពេល​គាត់​ទទួល​ប្រាក់​នោះ​ហើយ ក៏​បាន​យក​ទៅ​ទុក​នៅ​ក្នុងផ្ទះ ដោយ​ដាក់​នៅ​ក្នុង​ឡាំង​ក្រដាស រួច​ហើយ​យក​ទៅ​ទុក​ក្នុង​ទូធ្វើ​ពី​ឈើ​កម្ពស់​១​ម៉ែត្រ ទទឹង​០,៥០​ម៉ែត្រ បណ្តោយ​២,៥០​ម៉ែត្រ ក្នុង​ថតទូចំហៀង​ខាងឆ្វេង​ថ្នាក់​ខាងក្រោម ។ 

ប្រភពដដែលបានបន្តទៀតថា លុះ​មកដល់ថ្ងៃ​ទី​១៨ ខែមីនា វេលា​ម៉ោង​២​រំលង​អធ្រាត្រ គាត់(​ជន​រង​គ្រោះ​) បាន​ដក​ប្រាក់​ចំនួន​៥០.០០០.០០០​លាន​រៀល​ពី​ឡាំង​ក្រដាស​មក​ដាក់​ក្នុង​កន្ត្រកជ័រ​ពណ៌​ខៀវ ដើម្បី​ទុក​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​ស្រូវ​នៅ​ពេល​ព្រឹក ដោយ​មាន​ប្រាក់​នៅ​ក្នុង​កន្ត្រកជ័រ​ពណ៌​ខៀវ​នោះសរុប​ប្រហែល​១៨០​លាន​រៀល រួច​ក៏​បាន​ចាក់សោ​ទុក​ត្រឹមត្រូវ​វិញ និង​បាន​យក​កូនសោ​ទៅ​ទុក​នៅ​លើ​ពូក​ក្បាល​ដំណេក​ក្នុង​បន្ទប់ដេក ។ ក្នុង​ពេល​នោះ​ផង​ដែរ ឈ្មោះ ជា វ៉េ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​យក​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​លាយ​លឿង​របស់​ខ្លួន​ដែល​មាន​ប្រាក់​ចំនួន ៧.០០០.០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៣០០​ដុល្លារយក​ទៅ​ទុក​ក្នុង​ទូជាមួយ​គ្នា​នៅ​ថតទូចំហៀង​ខាងស្តាំ ប៉ុន្តែ​ពុំ​បាន​ចាក់សោទ្វារ​ទូទេ​។ ចំណែក​ឈ្មោះ អេ​ង គី​ម​ម៉ុង ភេទ​ប្រុស ត្រូវជា​ប្តី​របស់​ប្អូនស្រី​គាត់​បាន​ទៅ​ចាក់សោទ្វារ​សំ​យាប​ជញ្ជាំង​ដែក​ចំហៀង​ផ្ទះ និង​ចាក់សោទ្វារ​ខាង​មុខ​ផ្ទះ រួច​ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​សម្រាក​ក្នុង​បន្ទប់ដេក​រៀង​ៗ​ខ្លួន​ទៅ។ លុះ​ដល់វេលា​ម៉ោង​៧​ព្រឹក ឈ្មោះ អេ​ង គី​ម​ម៉ុង ត្រូវជា​ប្តី​របស់​ប្អូនស្រី​គាត់​បាន​ងើប​ពី​ដំណេក រួច​ដើរ​ចេញពី​បន្ទប់ដេក​មក​ខាង​មុខ ក៏​បានឃើញ​ទ្វារ​ទូដាក់​ប្រាក់​របស់​គាត់ (​ជន​រង​គ្រោះ​) របើក និង​ទ្វារ​ដែក​បត់​ខាង​មុខ​ផ្ទះ​ចំហ ព្រមទាំង​ទ្វារ​សំ​យាប​ជញ្ជាំង​ជ្ទះ​ខាងត្បូង​ចំហ ហើយបាត់មេសោចាក់​ទ្វារ ក៏​ផ្អើល​ឆោឡោ ទើប​ដឹង​ថាមាន​ចោរ​ចូល​លួច​ប្រាក់​របស់​ខ្លួន​ម៉ត់​តែ​ម្តង ។

បន្ទាប់​ពី​បានឃើញ​ស្ថានការណ៍​យ៉ាង​ដូច្នោះ​ភ្លាម ជន​រង​គ្រោះ​ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ចិន និងរាយការណ៍បន្តទៅកម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់​ត្រា ដើម្បី​ទុក​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ជា​ចោរថ្លើមពាសមេឃ ដែល​ហ៊ាន​គាស់​ទម្លុះទម្លាយ​ផ្ទះ​ស្ត្រី​អ្នក​រកស៊ី​ទិញ​.​លក់​ស្រូវ យក​ប្រាក់​អស់​រាប់​លាន​រៀល និង​រាប់រយ​ដុល្លារ នាំ​មក​ផ្ត​ន្ទាទោស​តាម​ផ្លូវ​ច្បាប់៕ ដោយ ស្អាងជ័យ

 


ចែករំលែក៖