ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី

ចែករំលែក៖

ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា​ បាន​ថ្លែង​ថា ​រហូតមកដល់​ថ្ងៃនេះ​ យោធិន​ចំនួន​៥នាក់​ហើយ​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​បើទោះបី​ ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​លើក​ហើយ​ក្តី ​ប៉ុន្តែ​​អាការៈ ​ជំងឺ​របស់​ពួកគេ​ពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ ​នោះទេ​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​អម​ដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ​ កន្លែង​មាន​ឈ្មោះថា មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត​ សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ​ខណៈពេល​នេះ​ កងទ័ព​នៃ​ក្រសួងការពារជាតិ​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ ចំពោះ​វិធានការ​សុខាភិបាល ​ជាពិសេស​«៣​ការពារ និង​៣​កុំ​» ​ក្រោយ​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ចំពោះ​យោធា​តាម​អង្គភាព​មួយ​ចំនួន​នៃ​អគ្គបញ្ជាការដ្ឋាន​នោះ​។

ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ជួរ​កងទ័ព អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ កង​ទ័ព​ជំនាញ ​និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​ត្រូវ ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ ​៣​ការពារនិង ​៣​កុំ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ បើទោះបីបាន​ចាក់​​វ៉ាក់សាំង​ការពារ​កូ​វីដ​នេះ ​រួចរាល់​ហើយ​នោះ​។

ជាមួយគ្នា​នោះដែរ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ប្រកាស​ផងដែរ​ថា ពេទ្យ​កងទ័ព​នៃ​ក្រសួង​ការពារជាតិ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ផងដែរ ​ក្នុងការ​ចូលរួម​អន្តរាគមន៍​ជួយ​ដល់​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួប​បញ្ហា​កូ​វីដ​​១៩​នេះ ខណៈ​កម្លាំង​ពេទ្យ​កងទ័ព​ទាំងនោះ ​ក៏បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​វេជ្ជសាស្ត្រ​រួចរាល់​ផងដែរ​នោះ​៕

ប្រភព៖ BTV


ចែករំលែក៖