ភ្នំពេញ ៖ សូមជ្រាបថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ គឺមានទារិកាអាយុ ៧ខែម្នាក់ ទារកអាយុ ១ខួបម្នាក់ និងកុមារ ៦នាក់ អាយុចាប់ពី ៧ឆ្នាំ ដល់ ១៤ឆ្នាំ។ ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យថាឆ្លងជំងឺពី កក្កដា សោភ័ណ្ឌ ពេលទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
នេះជាទុក្ខមួយយ៉ាងធំដល់ក្រុមគ្រួសារជនរងគ្រោះ ជួបនឹងជំងឺដ៏កាចសាហាវមួយនេះ ។
សូមបញ្ជាក់ថា, ឪពុករបស់ទារិកាអាយុ ៧ខែ និងកុមារីអាយុ ១១ឆ្នាំ ត្រូវជាពូរបស់កូនក្រមុំដែល កក្កដា សោភ័ណ្ឌ បានចូលរួមនោះបានប្រាប់សារព័ត៌មានក្នុងស្រុកមួយ តាមទូរស័ព្ទឲ្យដឹងថា , នៅថ្ងៃរៀបចំពិធីមង្គលការនោះ កូនស្រីរបស់លោកអាយុ ១១ឆ្នាំ បានអង្គុយហូបបបរទល់មុខនឹង ជនកើតកូវីដ-១៩ កក្កដា សោភ័ណ្ណ។
ឪពុកដែលមានអាស័យដ្ឋាននៅខណ្ឌដង្កោ បានដាក់ការសង្ស័យថា កូនស្រីរបស់លោកឆ្លងពី កក្កដា សោភ័ណ្ឌ ហើយកូនស្រី អាចចម្លងទៅប្អូនស្រីរបស់គេ ដែលមានអាយុ ៧ខែ។
សារព័ត៌មានដដែលបានបន្តទៀតថា, បើតាមលោកឪពុករូបនេះ បានបញ្ជាក់ថា ពេលនេះគ្រួសាររបស់លោកត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ រីឯភរិយាតែត្រូវបានយកទៅសណ្ឋាគារ Great Duck ដើម្បីមើលថែកូនតូចទាំងពីរ។ បុរសជាឪពុករូបនេះបានបញ្ជាក់ថា ភរិយារបស់លោកដែលទៅមើលកូននេះ មិនទាន់ដឹងថាវិជ្ជមានកូវីដ-១៩ ឬអត់នោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកមិញនេះ បានឱ្យដឹងថា ទារិកា ទារក និងកុមារ ដែលកើតកូវីដ-១៩នេះរួមមាន៖
១៖ កុមារី ជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២៖ ទារិកាជនជាតិខ្មែរ អាយុ ៧ ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោ សង្កាត់ព្រែកកំពឹសរាជធានីភ្នំពេញ ។
៣៖ កុមារាជនជាតិខ្មែរអាយុ ៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៤៖ កុមារីជនជាតិខ្មែរអាយុ ៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៥៖ កុមារីជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ។
៦៖ កុមារាជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៧៖ កុមារាជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៨៖ ទារកជនជាតិខ្មែរអាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖
– ចំនួនអ្នកឆ្លងសរុប៖ ១៥៧៨នាក់
– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១០៦២នាក់
– ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់។
ហើយនៅម៉ោង១១និង៤៥នាទីព្រឹកថ្ងៃដដែលនេះ ក៏មានស្ត្រីវ័យ ៦២ឆ្នាំម្នាក់បានស្លាប់ អោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួតទាំងសងខាង៕
ដោយ៖ សិលា