ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំWHO៖ អំពាវនាវឲ្យពិភពលោក បន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca​ ព្រោះ​វាមានសារៈសំខាន់យ៉ាងពិសេស

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការលើកឡើងពីប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ដែលជាទីស្នាក់ការកណ្តាលនៃអង្គការនេះ ដោយ​បានជំរុញឲ្យពិភពលោក បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ខណៈនិយ័តករឱសថអឺរ៉ុប និងអង់គ្លេសក៏ទើបប្រកាសគាំទ្រជាថ្មី ចំពោះវ៉ាក់សាំងនេះដូចគ្នា។​

ជាមួយគ្នានេះ​ នាយកអង្គការWHO​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «យើងអំពាវនាវឲ្យប្រទេសទាំងឡាយ បន្តការប្រើប្រាស់វ៉ាក់សាំង (AstraZeneca) ដ៏មានសារៈសំខាន់នេះ»។​ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

លោក Tedros បានសង្កត់ធ្ងន់ថា៖ «វ៉ាក់សាំង AstraZeneca គឺជាមានសារៈសំខាន់យ៉ាងពិសេស ពីព្រោះវាតំណាងឲ្យជាង ៩០% នៃវ៉ាក់សាំងដែលត្រូវបានបញ្ចេញឲ្យប្រើប្រាស់ក្នុងកម្មវិធី COVAX របស់អង្គការ WHO។ គ្មានសំនួរដែលត្រូវលើកឡើងនោះឡើយ។ COVID-19 គឺជាជំងឺមរណ ហើយវ៉ាក់សាំង Oxford-AstraZeneca អាចទប់ស្កាត់វាបាន។ យើងក៏គួរចងចាំឲ្យបានថា ជំងឺ COVID-19 នេះក៏អាចបង្កឲ្យមានកំណកឈាម និងគ្រោងឆ្អឹងចុះខ្សោយផងដែរ»។

សូមជម្រាបថា​ ការអំពាវនាវជាថ្មីរបស់ប្រមុខ WHO បានកើតមានឡើងបន្ទាប់ពី ផ្នែកត្រួតពិនិត្យសុវត្ថិភាពឱសថរបស់ខ្លួន បានបញ្ចេញរបាយការណ៍ចុងក្រោយ អំពីផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជារួម ដោយក្នុងនោះក្រុមជំនាញបានអះអាងថា ការចាក់វ៉ាក់សាំងរបស់អង់គ្លេសនេះ មិនបានបង្កឲ្យមានបញ្ហាកំណកឈាម (Blood Clot) ជាទូទៅនោះឡើយ។

ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ​ និយ័តករឱសថអឺរ៉ុបវិញ បានគូសបញ្ជាក់ថា គុណសម្បត្តិរបស់វ៉ាក់សាំង AstraZeneca មានច្រើនលើសលប់ ជាងគុណវិបត្តិរបស់វា៕ដោយ​៖ស​ តារា​

 

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus)

រូបថត​៖AP

 

រូបភាព​៖ឯកសារ​ វ៉ាក់សាំង​AstraZeneca
រូបថត​៖Reuters


ចែករំលែក៖