ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបធំៗ២នៅអង់គ្លេសប្រជែងគ្នាចង់បានតារាឆ្នើម Paulo Dybala របស់ក្រុម Juventus

ចែករំលែក៖

ក្រុមមាន់ខ្នាយមាស Tottenham និងក្រុមតោខៀវ Chelsea នឹងត្រូវបានផ្តល់ឱកាសច្រើនជាងគេដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Paulo Dybala នៅរដូវក្តៅនេះ។ ប៉ុន្តែបច្ចុប្បន្ននេះគ្មានក្លិបណាមួយ រៀបចំដេញថ្លៃខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus រូបនេះនៅឡើយទេ

យោងតាមការចេញផ្សាយរបស់ Dailystar របស់អង់គ្លេសបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ មីនាថា ក្រុមតោខៀវ Chelsea ផ្តោតសំខាន់លើការព្យាយាមដើម្បីយកឈ្នះការប្រណាំងប្រជែងចុះហត្ថលេខាលើកីឡាករErling Haaland ផងដែរ។ ប៉ុន្តែគ្រូបង្វឹករបស់តោខៀវលោក Tomas Tuchel ជឿជាក់ថា Dybala មានលក្ខណៈស្រដៀងគ្នានឹងទម្រង់លេងដូចជា Kai Havertz, Mason Mount និងសូម្បីតែ Timo Werner

ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានព្យាយាមចុះហត្ថលេខា Dybala ខណៈដែលលោក Mauricio Pochettino ធ្លាប់និយាយហើយ និងនៅតែស្ថិតក្នុងការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែពួកគេត្រូវការលក់កីឡាករចេញដើម្បីធ្វើការផ្លាស់ប្តូរណាមួយដោយអនាគតរបស់ Dele Alli នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

លើសពីនេះទៅទៀតក្លិបទាំងពីរមានការព្រួយបារម្ភអំពីកំណត់ត្រាថ្មីៗរបស់ Dybala ខណៈដែលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបច្ចុប្បន្នមានបញ្ហារបួសជង្គង់។ កីឡាករវ័យ២៧ឆ្នាំរូបរកបានតែ៣គ្រាប់ប៉ុណ្ណោះ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត២គ្រាប់ក្នុង១៦ប្រកួតសម្រាប់ Juventus នៅរដូវកាលនេះហើយក្លិបយក្សនៅក្របខ័ណ្ឌ Serie A មួយនេះកំពុងតែស្វែងរកថ្លៃឈ្នួលផ្ទេរជាង៤០លានផោនទោះបីកិច្ចសន្យារបស់ Dybalaនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ក៏ដោយ។

កីឡាករ Dybala ត្រូវបានគេយល់ថា បានច្រានចោលកិច្ចព្រមព្រៀងថ្មីជាមួយ Juventus ហើយដោយគ្មានការពិភាក្សាបន្ថែមទៀតដែលបានគ្រោងទុកនាពេលបច្ចុប្បន្ននេះ គាត់នឹងចាប់ផ្តើមវាយលុកទីផ្សារបើកចំហ។ជាមួយគ្នានេះភ្នាក់ងារកីឡាកររបស់ក្លិប Barcelona និង Paris St-Germain ក៏បានចាប់អារម្មណ៍ពីការផ្លាស់ប្តូរកីឡាកររូបនេះ និងជាអ្នកប្រជែងផ្សេងទៀតដែលអាចចង់បានដូចគ្នា

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Dybala ធ្លាប់បានបដិសេធការផ្លាស់ប្តូរទៅក្លិបManchester United ក្នុងឆ្នាំ ២០១៩ ហើយនៅតែត្រូវបានគេមើលថា តើក្លិបយក្សនៅអង់គ្លេសមួយនេះអាចនឹងបន្តចំណាប់អារម្មណ៍កីឡាកររូបនេះឡើងវិញ

ដោយ៖ ភារៈ


ចែករំលែក៖