ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ក្រោមប្រធានបទ«ស្តារព្រៃឈើឡើងវិញ»

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូលដែលទំហំនេះបាន ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុង បណ្តាប្រទេសនៅអាស៊ី និងទទួលបានការកោយសរសើរពីស្ថាប័ននានាលើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ភាគរយ នៃផ្ទៃដីប្រទេស។ 

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រុងទ្រាយតូចៗនៅបន្តកើតមានក្តី។ សត្វព្រៃត្រូវបានមើលឃើញថាចាប់ផ្តើមមានវត្តមានកើនឡើង ចំពោះប្រភេទសត្វកម្រខ្លះនិងសត្វមួយចំនួនទៀតមានចំនួនថេរ។ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងកាន់តែខ្លាំង អំពីសារៈប្រយោជន៍ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ សត្វព្រៃ។ ពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិបានទទួលចំណូលបន្ថែមពីការដកហូតអនុផលព្រៃឈើ និងទទួលបានផលប្រយោជន៍ពីការថែរក្សាព្រៃឈើ។ 

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ កម្ពុជាមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាចំនួន ១១,៦លានដុល្លារអាមេរិក។ ថវិកានេះប្រើប្រាស់ដើម្បីការពារនិងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ 

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុុជាក៏បានចលនាការដាំដើមឈើស្តារគម្របព្រៃឈើនៅតំបន់រិចរិលផងដែរ។ ក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើមត្រូវបានដាំនៅតាមតំបន់នានា។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់លើការបង្កើតចម្ការឈើដាំដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់ កាត់បន្ថយលើសម្ពាធមកលើឈើធម្មជាតិ។ ការសន្សំសំចៃការប្រើប្រាស់អុសដុត និងធ្យូងក៏ជាផ្នែកមួយនៃការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឡដុតធ្យូង ក៏ជាប្រភពមួយដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ ធម្មជាតិ។ 

ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើងត្រូវរួមគ្នាដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវនិងស្មោះត្រង់ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖