គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានបង្ហាញបញ្ជីឈ្មោះដែលមាន Jesse Lingard, Luke Shaw និង John Stones ជាជម្រើសចុងក្រោយរបស់គាត់សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២នៅចុងខែនេះ។
ខ្សែប្រយុទ្ធ Oonie Watkins និងអ្នកចាំទី Sam Johnstone របស់ក្រុម West Brom ក៏ត្រូវបានកោះហៅជាលើកដំបូងដែរ។ ខ្សែការពារ Trent Alexander-Arnold របស់ក្រុមហង្សក្រហម Liverpool មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមទាំង២៦រូបនោះទេ។
ខ្សែបម្រើ Lingard ដែលកំពុងខ្ចីជើងនៅ West Ham ពីក្រុម Manchester United ធ្លាប់បានលេងឱ្យក្រុមជម្រើសជាតិកាលពីខែមិថុនា ឆ្នាំ២០១៩ ។
លោក Southgate បាននិយាយថា “Lingard ក្នុងចំណោមអ្នកទាំង៣គឺពិតជាមានសំណាងជាងក្នុងការចូលរួមក្រុម។ Luke Shaw និង John Stones ក៏បានបង្ហាញទម្រង់លេងល្អក្នុងរយៈពេលមកនេះដែរ។ យើងមានកីឡាកររងរបួសនៅតំបន់ប្រយុទ្ធដែលបានបើកឱកាសសម្រាប់ Lingard ប៉ុន្តែខ្ញុំត្រូវតែនិយាយថាការលេងរបស់គាត់សម្រាប់ក្រុម West Ham ពិតជាល្អណាស់”។
ខ្សែបម្រើអាយុ១៧ឆ្នាំរបស់ក្លិប Borussia Dortmund គឺកីឡាករ Jude Bellingham ស្ថិតក្នុងក្រុមជម្រើសដែរ ប៉ុន្តែអាចនឹងខកខានមិនបានដោយសារតែការរឹតត្បិតការឆ្លងជំងឺនៅប្រទេសអាឡឺម៉ង់។ លោក Southgate និយាយថា “យើងកំពុងធ្វើការស៊ើបអង្កេតអំពីអ្វីដែលអាចធ្វើទៅបាន ហើយយើងចង់ដាក់ឈ្មោះគាត់នៅក្នុងក្រុមរបស់យើង” ។
មិត្តរួមក្រុមរបស់ Bellingham គឺកីឡាករ Jadon Sancho ក៏ខកខានដោយសាររងរបួសរួមជាមួយខ្សែបំរើ Jordan Henderson និង Jack Grealishនិងអ្នកចាំទី Jordan Pickford ក៏រងរបួសដែរ។
ខ្សែការពារកណ្តាលរបស់ក្រុម Manchester City មិនបានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសទេ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United ធ្លាប់លេងឲ្យក្រុមជម្រើសជាតិកាលពីខែកញ្ញា ឆ្នាំ២០១៨ ។
Stones ដែលមាន៣៩ប្រកួតបានជួយ Man City ឈរនៅកំពូលតារាង Premier League នៅរដូវកាលនេះ ហើយពួកគេក៏កំពុងកក់កៅអីនៃក្របខ័ណ្ឌ Champions League, FA Cup និង League Cup ផងដែរ ។
ក្រុមជម្រើសជាតិអង់គ្លេសត្រូវប៉ះសានម៉ារីណូនៅក្នុងទឹកដីរបស់ខ្លួននៅថ្ងៃទី២៥ ខែមីនា, ប៉ះក្រុមអាល់បានីនៅថ្ងៃទី២៨ ខែមីនា ហើយបន្ទាប់ទៅប៉ះក្រុមម្ចាស់ផ្ទះប៉ូឡូញនៅថ្ងៃទី៣១ ខែមីនា។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលត្រូវលេងក្នុងវគ្គជម្រុះ World Cup 2022 របស់ក្រុមជម្រើសជាតិអង់គ្លេស៖
អ្នកចាំទី៖ Dean Henderson (Manchester United), Sam Johnstone(West Brom), Nick Pope (Burnley)។
ខ្សែការពារ៖ Ben Chilwell (Chelsea), Conor Coady (Wolves), Eric Dier (Tottenham), Reece James (Chelsea), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Atletico Madrid), Kyle Walker (Manchester City)។
ខ្សែបម្រើ៖ Jude Bellingham (Borussia Dortmund), Phil Foden(Manchester City), Jesse Lingard (West Ham, on loan from Manchester United), Mason Mount (Chelsea), Kalvin Phillips (Leeds), Declan Rice (West Ham), James Ward-Prowse (Southampton)។
ខ្សែប្រយុទ្ធ៖ Dominic Calvert-Lewin (Everton), Harry Kane (Tottenham), Marcus Rashford (Manchester United), BukayoSaka (Arsenal), Raheem Sterling (Manchester City), Ollie Watkins (Aston Villa) ៕
ដោយ៖ភារៈ