ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអាវបំបែកឯតទគ្គកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យា TeamViewer ។
ក្រុមហ៊ុនសូហ្វវែរនេះនឹងជំនួស Chevrolet ជាដៃគូដាក់លើអាវក្លិបនេះដ៏សំខាន់របស់ Man United ចាប់ពីដើមរដូវ ២០២១-២០២២ ។
កិច្ចព្រមព្រៀងនេះមានតម្លៃ២៧៣លានអឺរ៉ូក្នុងរយៈពេល៥ឆ្នាំ ហើយជាកិច្ចព្រមព្រៀងឧបត្ថម្ភអាវដ៏កាក់កបបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ នៅទូទាំងពិភពលោកតម្លៃនេះស្មើនឹងកិច្ចព្រមព្រៀងរបស់ក្លិប Barcelona ជាមួយ Rakuten ដែលបានចុះហត្ថលេខាមុនពេលមានជំងឺរោគរាតត្បាតកូវីដ-១៩។
TeamViewer ក្លាយជាអ្នកឧបត្ថម្ភអាវធំទី៦ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបបិសាចក្រហមបន្ទាប់ពីក្រុមហ៊ុន Sharp, Vodafone, AIG, Aon និង Chevrolet។ ទន្ទឹមនឹងនេះក្លិបបិសាចក្រហមនៅតែកំពុងស្វែងរកអ្នកឧបត្ថម្ភសម្រាប់ឧបករណ៍ហ្វឹកហាត់របស់ក្រុមនេះផងដែរ ៕ដោយ៖ ភារៈ