ខេត្តមណ្ឌលគិរី៖ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១នេះលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរស្រុកកែវសីមា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមការងារគោលដៅ រួមមាន៖ កម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តី នៃមន្ទីសុខាភិបាល ដែលប្រចាំការជាប្រចាំនៅចំណុចព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាដើម្បីត្រួតពិនិត្យដោយវាស់ដំដៅ បាញ់អាល់កុល និងជែល ទៅលើអ្នកធ្វើដំណើរចេញចូលនាពេលកន្លងមក។
ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខក្រុមគោលដៅដែលប្រចាំការជាប្រចាំនៅចំណុចខាងលើលោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម មីម៉ាម៉ា ១កេសធំ ទឹកសុទ្ធចំនួន ៤០យួរ សម្ភារអនាម័យដូចជា ម៉ាស់ចំនួន ១០ប្រអប់ អាល់កុលចំនួន ៦០លីត្រ និងថវិកាចំនួន ១.០០០.០០០រៀល មិនតែប៉ុណ្ណោះលោក អភិបាលខេត្ត បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ១០០ដុល្លារផ្តល់ជូនដល់មន្រ្តីសុខាភិបាលផងដែរ។
នាឱកាសនោះដែរលោកអភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកលោកអភិបាលបានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគោលដៅដែលត្រួតពិនិត្យជំងឺកូវីដ-១៩ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើអ្នកធ្វើដំណើរចេញ-ចូល ដោយវាស់កំដៅ បាញ់អាល់កុល ជែល និងស្កេនខ្យូអកូដ បើពិនិត្យទៅឃើញមានការសង្ស័យមានជំងឺកូវីដ-១៩ ត្រូវយកសំណាករបស់ពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីស័កពួកគាត់ចំនួន ១៤ថ្ងៃ នៅកន្លែងដែលអាជ្ញាធរបានរៀបចំអគារធ្វើចត្តាឡីស័ក៕
ដោយ៖ សូរិយា