ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរបែបអប់រំ៖ រឿង សត្វភេពីរក្បាលចែកផ្លូវគ្នារកអាហារ

ចែករំលែក៖

​​មានភេពីរក្បាលដើរចាប់ត្រីចូលគ្នា នៅក្នុងស្ទឹងមួយ។ មួយដើរខាងទឹករាក់ មួយដើរខាងទឹងជ្រៅ។មួយសន្ទុះក្រោយមកភេទាំងពីរចាប់ បានត្រីរស់មួយ ក៏នាំគ្នាទាញឡើងលើគោកដើម្បីចែកគ្នា។

ភេដើរខាងទឹងជ្រៅនិយាយ” យើងត្រូវបានចំណែកខាងក្បាល ព្រោះយើងមានការលំបាកជាងអ្នក ”  ។

ភេដើរខាងទឹករាក់ មានចិត្តចងបានផ្នែកខាងក្បាលដែរក៏បានឆ្លើយថា ” ទេ! ចំណែកខាងក្បាលត្រូវបានមកយើងវិញព្រោះយើង ខំស្ទាក់នៅខាងទឹករាក់មានការលំបាកជាង ” ។

ភេទាំងពីរចេះតែឈ្លោះប្រកែកគ្នា ដណ្តើមយកចំណែកខាងក្បាលតែរៀងៗខ្លួន។ នៅទីបំផុត ភេទាំងពីរក៏សំរេចចិត្តយកត្រីទៅអោយ ចចកជួយចែកអោយ ។

ចចកសួរទៅភេទាំងពីរ :” មើល៏បងភេទាំងពីរ ! តើនរណាដើរខាងទឹករាក់ ហើយនរណាដើរខាងទឹកជ្រៅ ។ ប្រាប់ខ្ញុំអោយត្រង់មក! “។

ភេដើរខាងទឹករាក់បានប្រាប់ចចកថា : “បាទបងចចក ! ខ្ញុំដើរខាងទឹករាក់ ។ ចំណែកគាត់ខាងណោះដើរខាងទឹកជ្រៅ ” ។

ចចកបានដឹងសព្វគ្រាប់ហើយ ក៏ទាញយកកាំបិតបុ័ងតោនៅក្បែរនោះ មកកាប់ត្រីរ៉ស់ជាបីចំនែក រួចប្រាប់ទៅភេទាំងពីរថា : ហ៏ !ឯង យកចំណែកខាងក្បាលទៅ ។ ចំណែកកន្ទុយអោយទៅបង ភេដើរខាងទឹករាក់ ។ ឯចំណែកកណ្តាលត្រូវបានមកយើង ជាមេចំណែក ។

ភេដើរខាងទឹករាក់ប្រកែកថា :” ទេ! ចំណែកខាងក្បាលត្រូវអោយមកខ្ញុំវិញ ! មិនត្រូវបានទៅឯងទេ ” ។

ភេមួយទៀតនិយាយថា : ” ខ្ញុំមិនអោយឯងទេ! ព្រោះខ្ញុំខំដើរខាងទឹកជ្រៅ ” ។

ចចកឃើញភេទទាំងពីរនៅតែឈ្លោះប្រកែកគ្នា ដណ្តើមយកចំណែកខាងក្បាលដូច្នោះក៏ពោលថា : ” កុំឈ្លោះគ្នាអី ! យើងចែកនេះ ត្រឹមត្រូវយុតិធម៏ហើយ ។

ភេទាំងពីរនៅតែឈ្លោះប្រកែកគ្នាដណ្តើម យកចំណែកខាងក្បាលតែរៀងៗខ្លួនដដែល ។ បន្ទាប់មកភេទាំងពីរយល់ព្រមនាំគ្នាទៅរក ខ្លាត្រីអោយជួយចែកម្តងទៀត ។

លុះទៅដល់សំណាក់ខ្លាត្រី ភេដើរខាងទឹករាក់បានប្តឹងទៅខ្លាត្រីថា :” ចចកចែកក្បាលត្រីទៅអោយភេខាងណេះ ហើយចំណែកកន្ទុ យអោយមកខ្ញុំ ខ្ញុំមិនសុខចិត្តទេ !” ។

ភេដើរខាងទឹកជ្រៅបាននិយាយថា : “ខ្ញុំដើរខាងទឹកជ្រៅទើបខ្ញុំត្រូវបានចំណែកខាងក្បាលអញ្ចឹងហើយ “​។

ខា្លត្រីបានស្តាប់លឺភេទាំងពីររៀបរាប់រួចមក ក៏និយាយថា : “អ្នកទាំងពីរស្តាប់ខ្ញុំសិន !  ចចកចែកត្រីនេះមិនត្រឹមត្រូវតាមច្បាប់រកសី​ចួលគ្នាទេ ។ មានតែជញ្ជីងទេ ទើបចែកគ្នាបានត្រឹមត្រូវ “។

ខ្លាត្រីទៅលើកយកជញ្ជីងមួយ មកដាក់ពីមុខភេទាំងពីររួចក៏លើកត្រីខាងក្បាលដាក់លើថាសជញ្ជីងម្ខាង ហើយកន្ទុយដាក់លើថាស​ជញ្ជីងម្ខាងទៀត ។ ខ្លាត្រីពោលថា ” អុញ ! ខាងក្បាលធ្ងន់ជាង ត្រូវយកសាច់ចេញខ្លះទើបបាន “! ។ ខ្លាត្រីក៏លើកយកមកខាំសី រួចដា​ក់ទៅវិញ ក៏ពោលទៀតថា : ” ហា៎ ! ខាងកន្ទុយធ្ងន់ជាងវិញហើយត្រូវយកសាច់ចេញខ្លះទើបបាន ” ។ ខ្លាត្រីក៏លើកយកមកខាំទៀត។

ខ្លាត្រីចេះតែថ្លឹងចុះ ថ្លឹងឡើងមិនអោយស្មើគ្នា ហើយចេះតែលើកយកមកខាំសីសាច់ រហូតអស់សាច់រលីងសល់តែឆ្អឹងទើបនិយាយ​ទៅកាន់ភេទាំងពីរថា : “ចូរអ្នកយកចំណែករបស់អ្នកចុះ ផ្នែកខាងណាក៏បានដែរ ។ យើងចែកនេះត្រឹមត្រូវយុតិធម៏ហើយ ” ។

ភេទាំងពីរបានឃើញខ្លាត្រីសីសាច់អស់រលីង ផ្នែកខាងក្បាល នៅសល់តែជាយព្រុយ ដូច្នោះក៏លាន់មាត់ថា “យើងទាំងពីរយកត្រី​មកអោយខ្លាត្រីជួយចែកនេះខុសហើយ ! ” ។

ភេទាំងពីរសោកស្តាយចំណីរបស់ខ្លួន ដោយមិនចេះអធ្យាស្រ័យគ្នាទៅវីញទៅមក ហើយក៏នាំគ្នាបោលចូលព្រៃរៀងៗខ្លួនទៅហោង ៕

( សាមគ្គីរស់   បែកបាក់សាមគ្គីស្លាប់ )​ ៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖