ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ៨ឆ្នាំរួមដំណើជាមួយឪពុកតាមម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលអូស១៥ម៉ែត្រស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មបំផុត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ពីរនាក់ឪពុកនិងកូនស្រីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុតពេលកំពុងជិះម៉ូតូលើដងផ្លូុវស្រាប់តែត្រូវរថយន្តបើកមកកៀរបណ្តាលឱ្យដួលបោកក្បាលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ពីរនាក់ឪពុកនិងកូននេះបានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ត្រង់ចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រភពពីអធិការនគរបាលស្រុកអូររាំងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូដែលបើកបរស្របទិសគ្នា ហើយត្រូវរថយន្ដបើកកៀរពីចំហៀងបណ្តាលឱ្យដួលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។

ប្រភពបន្តថា ជនរងគ្រោះជាឪពុកឈ្មោះ គឹម គ្វេន​ អាយុ៣២ឆ្នាំ​ ជនជាតិព្នង​ និងកូនស្រីឈ្មោះគ្វេន ពង​ អាយុ៨ឆ្នាំ​និងមានទីលំនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់ឪពុកនិងកូន។

ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវឆ្លាមពណ៌ខ្មៅអត់ស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច រួចក៏ជួបគ្រោះថ្នាក់នៅចំណុចភូមិពូតាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩លើផ្លូវជាតិលេខ៧៦។

ប្រភពបន្តទៀតថា ចំណែកអ្នកបើកបររថយន្ដពុំស្គាល់អត្ដសញ្ញាណទេគឺបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានមកជួយធ្វើអន្តរាគមន៍ពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សាកសពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖