ព័ត៌មានទាន់ហេតុការណ៍៖

សាហាវ​មែន​! ជនមិនស្គាល់មុខ​ ប្រេី​កាំបិត​លួច​កាប់ប្រហារបុរស​​២​នាក់​ បណ្តាល​ឲ្យ​​ម្នាក់ស្លាប់​ និង​ម្នាក់​ទៀត​របួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បានកេីតឡេីង​ បន្ទាប់ពី​បុរស​​២​នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​កាប់ប្រហារទាំងកណ្ដាលអាធ្រាត្រដល់បន្ទប់ជួល បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់។​ ចំណែក​ជនដៃដល់​ បានរត់គេចខ្លួនបាត់។

ករណីឃាតកម្មខាងលេីនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ទី​២១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

បើ​តាម​ប្រភពពី​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បានថ្ងៃ​អាទិត្យ​ទី​២១ ខែមីនា ឆ្នាំ​២០២១នេះថា ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​មានឈ្មោះ ឈី​វ ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ធ្វើការ​ក្នុងស្រុក​ស្វាយចេក និង​មានស្រុក​កំណើត​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ព្រមទាំង​មាន​ប្រពន្ធ​ឈ្មោះ យុង ណី អាយ​៣០​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ រងរបួស​ធ្ងន់​ធ្ងរ​ដោយ​សន្លប់​មិនទាន់​ដឹង​ខ្លួន​ទេ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។

​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​កាប់​ស​​ម្លា​ប់​គ្នា​នេះ គឺ​បានកើតឡើង​នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ។ ក្រោយ​កេីត​ហេតុ​កម្លាំង​នគរបាល​ជំនាញ​សហការ​ការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​កន្លែង​កើតហេតុជាក់ស្តែងឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​កាប់​បណ្តាល​ចំ​ក​ញ្ចឹ​ង​.​ក​ខាងក្រោយ​ប្រហែង​ជាង​១​តឹក ទើប​បណ្តាល​ឲ្យរងរបួសធ្ងន់របស់ដល់បាត់បង់​ជីវិត​ក្បែរ​ម៉ូតូ និង​ម្នាក់​ទៀត​កាប់​ចំ​ក្បាល បណ្តាល​ឲ្យរងរបួសធ្ងន់សន្លប់​មិន​ទាន់​ដឹងខ្លួន​នោះ​ឡើយ បច្ចុប្បន្ន​​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គល​បូ​រី​។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងនៅថ្ងៃនេះដែរថា​ ករណី​កាប់​ស​​ម្លា​ប់​គ្នា​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ និង​ម្នាក់​ទៀត​របួសធ្ងន់​នេះ នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ។ ប៉ុន្តែ​អាច​ដឹង​ព័ត៌មាន​ខ្លះ​ៗ ព្រោះ​សង្ស័យ​ជន​រង​គ្រោះ​មាន​គ្នា​២​ទៅ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1T.4518 ចូល​ក្នុងផ្ទះ​ជួល ក៏​ស្រាប់តែ​ត្រូវ​បាន​ជន​ដៃ​ដល់​ លួចធ្វេីសកម្មភាពកាប់​ប្រហារ​តែ​ម្តង។ ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ឃើញ​តម្រូវ​ខ្លះ​បន្ត​ទៀត​ហើយ​។

លោក​ស្នងការ​ បាន​បន្ថែមទៀតថា បច្ចុប្បន្ន​​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ គឺ​ម្ចាស់ផ្ទះ​ជួល​បាន​គេចខ្លួន​​បាត់ ចំណែក​អ្នក​ស្នាក់​នៅ​ប្រមាណ​ជាង​១០​បន្ទប់​នោះ​ក៏​នាំគេចខ្លួន​បាត់អស់​ទៀត។ ចំណែក​សាកសព​ កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​ និង​ទំនាក់ទំនង​ទៅ​គ្រួសារ​សាច់ញាតិ ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​

ក្រោយ​កេីត​ហេតុ​ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃដល់​ ដើម្បី​យក​មក​ដាក់ទោសតាម​ច្បាប់​៕ដោយ​៖សហការី​


ចែករំលែក៖