ព័ត៌មានទាន់ហេតុការណ៍៖

“ឆ្កែព្រៃ” ដែលជាប្រភេទសត្វកម្រ តែកំពុងមានវត្តមាននៅកម្ពុជា

ចែករំលែក៖

ភិនភាគៈ ឆ្កែព្រៃមានមាឌធំជាងឆ្កែចចក មានសម្បុរក្រហមត្នោត និងកន្ទុយសំពោងវែងជាង កន្ទុយឆ្កែចចក នៅចុងកន្ទុយ មានសម្បុរខ្មៅ ត្រចៀកមានរាងខ្លី និងមូលនៅផ្នែកខាងចុង។ វាមានរូបរាង និងមាឌប្រហាក់ប្រហែលនឹងឆ្កែស្រុកដែរ ។

ជីវសាស្ត្រ: ឆ្កែព្រៃចូលចិត្តរស់នៅជាហ្វូងដូចឆ្កែចចកដែរ និងមានវិសាលភាពទីជំរកព្រៃធំដូចជា ប្រភេទព្រៃគម្ពោតក្រាស់ រហូតដល់ព្រៃខ្ពស់ៗ នៅវាលទំនាប និងព្រៃរបោះ។ គេតែងប្រទះ ឃើញវត្តមានសត្វនេះពី ៥-១២ក្បាល រួមមានជាគូ (ញី-ឈ្មោល) ព្រមទាំងកូនផងដែរ ហើយ ពី ៤-៦ក្បាល ។ វាមានលទ្ធភាពចាប់សត្វដែលមានមាឌធំជាងខ្លួនមកធ្វើជាចំណីបាន ដូចជា ខ្ទីង ឈ្លូស ប្រើស ជ្រូកព្រៃ និងសត្វតូច ជាអាហារ ដ៏ទៃទៀត ពិសេសជាងនេះ វាអាចមានសមត្ថភាពដណ្ដើមចំណីពីសត្វខ្លាធំ និងខ្លារខិនផងដែរ។ នៅពេលចាប់សត្វជាចំណីពួកវាតែង តែដេញបណ្តាក់គ្នា ដើម្បីធ្វើអោយសត្វនោះអស់កំលាំង ពេលខ្លះប្រើវិធីសាស្ត្រឡោមព័ទ្ធ ។ វាប្រើទឹកនោមសំរាប់បាញ់ប្រហារទៅលើភ្នែកសត្វ ដែលជាចំណី និងជាសត្រូវរបស់វា។ ឆ្កែព្រៃ ចូលចិត្តចេញទៅរកចំណីនៅពេលព្រឹកព្រលឹមស្រាងៗ និងព្រលប់ងងឹតព្រាលៗ ។

រប៉ាយរស់នៅ: វាមានវត្តមាននៅតំបន់ភាគឦសាន ភាគនិរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ គេក៏បានរកឃើញនៅតំបន់ឥណ្ឌូចិន តំបន់ស៊ីបេរី និងភាគខាងត្បូងអាស៊ីអាគ្នេយ៍ ព្រមទាំងកោះស៊ូមាត្រា និងកោះចាវ៉ា ផងដែរ។

ស្ថានភាពអភិរក្ស: ឆ្កែព្រៃស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ ប្រភេទនេះត្រូវបានចុះក្នុង បញ្ជីក្រហម IUCN (EN) ជាប្រភេទជិតផុតពូជលើពិភពលោក ។ ឆ្កែព្រៃកំពុងរងគ្រោះ ដោយសារការទាក់ចាប់ បរបាញ់ និងការបាត់បង់ទីជម្រក។

(ដកស្រង់ចេញពីសៀវភៅ ថនិកសត្វ នៃព្រះរាជាណាចក្រកម្ពុជា)

រូបថត៖ WWF


ចែករំលែក៖