ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដេីម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមជាតិយើង។

ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​ ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​ ទន្ទឹមនឹងនេះ​ សូមបងប្អូនចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់​ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

៣ការពារ (ពាក់ម៉ាស់, លាងដៃនឹងសាប៊ូ​ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលចាប់ពី​ ១.៥ម៉ែត្រឡេីងទៅឱ្យបានគ្រប់ៗគ្នា​ គ្រប់ទីកន្លែង), ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ និងប្រេីម៉ាស៊ីនត្រជាក់ច្រេីនពេក,​ កុំទៅកន្លែងមានមនុស្សច្រើនកុះករ,​ កុំចាប់ដៃគ្នា​ កុំប៉ះពាល់គ្នា​ កុំកៀកស្មាគ្នា​ កុំអោបគ្នាជាដេីម)។

សូមជូនពរដល់បងប្អូនជនរួមជាតិ​ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ​ និងជៀសផុតពីជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖