ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងជំនួបជាន់ខ្ពស់លើកដំបូងចិន ប្រាប់អាមេរិកថា៖ ខ្លួនមិនទទួលយកការសម្របសម្រួលណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ឡើយ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមសេចក្តីថ្លែងការណ៍មួយរបស់ចិន បន្ទាប់ពីបិទបញ្ចប់ជំនួបជាន់ខ្ពស់លើកដំបូងនៅក្នុងទឹកដីអាឡាស្កា នៅថ្ងៃទី១៩ ខែមីនា​ថ្មីៗ​នេះ​ ចិន បានប្រាប់អាមេរិកថា៖ ខ្លួនមិនទទួលយកការសម្របសម្រួលណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងអធិបតេយ្យរបស់ចិន។ ជាក់ស្ដែង​ក្នុងន័យនេះ ថ្នាក់ដឹកនាំចិន បានសំណូមពរឲ្យអាមេរិក គោរពគោលការណ៍ «ចិនតែមួយ» និងបញ្ឈប់ការទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់តទៅទៀត។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ចិន បានលើកឡើងថា គោលនយោបាយក្រោមរដ្ឋបាលអាមេរិកអាណត្តិមុន បានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ចិនយ៉ាងខ្លាំង ជាពិសេសគឺទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ដោយសារតែមានការគំរាមកំហែងពីសំណាក់អាមេរិក ចិនត្រូវតែចាត់វិធានការមួយចំនួន ដើម្បីការពារផលប្រយោជនជាតិ និងអធិបតេយ្យខ្លួន។ លើសពីនេះ អាមេរិកក្រោមអាណត្តិលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលូកដៃយ៉ាងខ្លាំងមកលើបញ្ហាកោះតៃវ៉ាន់។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN​ បាននិយាយថា​ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់នេះ ចិន បានទទូចឲ្យរដ្ឋាបាលអាមេរិកថ្មី ត្រូវគោរពគោលការណ៍ចិនតែមួយ និងកិច្ចព្រមព្រៀងរួមគ្នាចំនួន ៣ ដែលប្រទេសទាំងពីរបានឯកភាពកន្លងមក។ បើតាមថ្នាក់ដឹកនាំក្រុងប៉េកាំង ក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ចប់ការផ្តោះប្តូរមន្រ្តីទៅវិញទៅមក និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងត្រូវឈប់លក់អាវុធឱ្យតៃវ៉ាន់តទៅទៀត ដើម្បីបង្ការការផ្តល់សញ្ញាខុសណាមួយឱ្យកម្លាំងទ័ពតៃវ៉ាន់។

សូមជម្រាបថា​ ក្នុង​ជំនួបជាន់ខ្ពស់ដំបូងបង្អស់រវាងចិន និងអាមេរិកនៅរដ្ឋ Alaska មានរដ្ឋមន្ត្រីការបរទេសលោកអាន់តូនី ប្ល៊ីងខិន និងលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក។ ចំណែកចិនតំណាងដោយរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី និងលោក យ៉ាង ជាឈី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ ក្នុងជំនួបនេះ មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ពន្លះគ្នាយ៉ាងខ្លាំងទាក់ទិននឹងបញ្ហាប្រទេសទាំងពីរ ក្នុងនោះក៏មានបញ្ហាកោះតៃវ៉ាន់ផងដែរ។

ជាមួយគ្នានេះ​ ក្រៅពីបញ្ហាតៃវ៉ាន់ ចិន ក៏បានប្រាប់អាមេរិក ជុំវិញបញ្ហាកោះហុងកុងផងដែរ។ ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅហុងកុង មេដឹកនាំចិន បានអះអាងថា អាមេរិក គួរតែគោរពសេចក្តីសម្រេចរបស់សភាចិន និងគោរពតាមច្បាប់អន្តរជាតិ និងមូលដ្ឋាននៃបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ បើតាមសេចក្តីថ្លែងការណ៍ចិនដដែលនេះ ការកែប្រែប្រព័ន្ធបោះឆ្នោតនៅហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនប៉ុណ្ណោះ ហើយបរទេសគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការនេះដែរ។

លេីសពីនេះ​ទៅទៀត​ ចិន​ ក៏បានព្រមានអាមេរិកថា៖ កុំធ្វើឱ្យហុងកុងរញ៉េរញៃតទៅទៀត និងកុំបញ្ឈប់ចិនក្នុងការពង្រឹងប្រព័ន្ធ «ប្រទេសមួយ ប្រព័ន្ធពីរ»។ បើសិនបើអាមេរិកនៅតែរឹងទទឹង ចិននឹងឆ្លើយតបវិញយ៉ាងខ្លាំង៕ដោយ​៖ស​ តារា

 

រូបភាព​៖ជំនួបជាន់ខ្ពស់ចិន និងអាមេរិក នៅក្នុងទឹកដីអាឡាស្កានៅថ្ងៃទី១៩ ខែមីនា​ថ្មីៗនេះ​

រូបថត​៖ Xinhua


ចែករំលែក៖