ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី​ អះអាងថា​៖​ ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើងមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួននោះទេ

ចែករំលែក៖

អន្តរជាតិ​៖​ លោក Tengku Zafrul Abdul Aziz រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី​ កាលពីថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​២០២១​ បានអះអាងថា៖ ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើង​ គឺមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួននោះឡើយ ដ្បិតចំណងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងមានតិចតួចប៉ុណ្ណោះ។​ ជាក់ស្ដែង​ការផ្តាច់ទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងក្លាយជាប្រធានបទក្តៅថ្មីមួយសម្រាប់តំបន់។ ខណៈការប្រែប្រួលនេះ​ បានធ្វើឲ្យមានការចោទជាសំណួរចំពោះម៉ាឡេស៊ីថា ការលែងរាប់អានកូរ៉េខាងជើងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឬយ៉ាងណា។

បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី​ បានអះអាងប្រាប់ទូរទស្សន៍សិង្ហបុរី CNA ដោយឆ្លើយតបនឹងចំពោះសំណួរថា តេីវានឹងមិនបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ផ្នែកសេដ្ឋកិច្ចម៉ាឡេស៊ីនោះទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ​ បញ្ជាក់នៅចំពោះមុខអ្នកកាសែត ក្រោយចូលរួមក្នុងកិច្ចប្រជុំ ជាមួយសហគ្រិនក្នុងស្រុកយ៉ាងដូច្នេះថា៖«ខ្ញុំមិនគិតថាវាមានផលប៉ះពាល់អ្វីនោះទេ ព្រោះវាជាការចូលរួមចំណែកតូចតាចមួយប៉ុណ្ណោះ»។

យ៉ាងណាមិញ ភ្លាមៗក្រោយកូរ៉េខាងជើងប្រកាសផ្តាច់ចំណងការទូតក្រសួងការបរទេស ម៉ាឡេស៊ីក៏បានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបវិញ និងរិះគន់ចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែរ។ បុគ្គលិកការទូតនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេទាំងអស់នៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅក្រុងកូឡាឡាំពួ ក៏តម្រូវឲ្យចាកចេញក្នុងរយៈពេល ៤៨ ម៉ោងដែរ។

បេីមែនទែនទៅ​ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះកូរ៉េខាងជើង បានប្រកាសផ្តាច់ទំនាក់ទំនងទ្វេភាគី ជាមួយម៉ាឡេស៊ីជា ដាច់ខាត ដោយផ្ដល់ហេតុផលថា ម៉ាឡេស៊ី បានប្រព្រឹត្តទង្វើជាសត្រូវប្រឆាំងនឹង កូរ៉េខាងជើង ក្រោយតុលាការ ប្រទេសនេះកាត់សេចក្តីដោយអនុញ្ញាតដល់ការបញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ ទៅសហរដ្ឋអាមេរិក ដោយប្រឈម នឹងបទចោទ លាងលុយកខ្វក់។ កូរ៉េខាងជើងអះអាងថាពលរដ្ឋខ្លួនស្អាតស្អំនិងបានរកស៊ីស្របច្បាប់ ជាច្រើនឆ្នាំ មកហើយ។

គួរ​បញ្ជាក់ដែរថា ម៉ាឡេស៊ី និងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣មក។ ដោយឡែក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ ខណៈកូរ៉េខាងជើងនាំចូលប្រេងចម្រាញ់រួច និងជ័រធម្មជាតិពីម៉ាឡេស៊ី។ ចំណែកឯម៉ាឡេស៊ី នាំចូលដែកថែប និងផលិតផលធ្វើពីដែកពីកូរ៉េខាងជើងត្រឡប់ទៅវិញ៕ដោយ​៖ស​ តារា

 

លោក Tengku Zafrul Abdul Aziz រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី​

រូបថត​៖ MCI Eng


ចែករំលែក៖