ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មសម្លាប់រួចយកសាកសពដាក់ក្នុងវ៉ាលិសយកទៅបោះចោលក្នុងព្រៃនៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះថា មានប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលិសដាក់សាកសពដែលមានក្លិនស្អុយរលួយដែលឃាតកយកទៅបោះចោលនៅចំណុចបង្គោលគីឡូលេខ៣៨ តាមបណ្តោយផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីបានប្រទះឃើញវ៉ាលិសមានសាកសព ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យវ៉ាលិសនោះក៏ឃើញមានសាកសពមនុស្សស្លាប់ពិតប្រាកដមែន។

បើតាមគណៈកម្មការបានពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ដែលជនរងគ្រោះមានស្ថានភាពហើមស្អុយរលួយ និងអាចត្រូវឃាតកសម្លាប់រយៈពេល៥ ថ្ងៃហើយ ដែលនោះសង្ស័យជាអំពើឃាតកម្ម ។

ជនរងគ្រោះដែលគេសម្លាប់យកសាកសពដាក់ក្នុងវ៉ាលិស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖