ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍន៍ តំបន់កំពង់ផែព្រះសីហនុ ក្នុងតម្លៃជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន លើកឡើងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លាន ដុល្លារ ត្រឹមឆ្នាំ២០២៩ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ នៅកំពង់ទឹកជ្រៅ ក្នុង ចំណោមចំណោមកន្លែងផ្សេងៗក្នុងប្រទេសកម្ពុជា ពិតណាស់ កម្ពុជា មានកំពង់ផែខេត្តកំពត កំពង់ផែ កោះកុង និងផែផ្សេងៗទៀត ។ 

សម្តេចធិបតី បានបញ្ជាក់ថា ខ្ញុំ ធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយកំពង់ផែព្រះសីហនុទេ ហើយប្រទេសរបស់យើង ក៏ត្រូវកំណត់គោលដៅ ផែអាទិភាពធំ ខេត្តផ្សេងទៀត ក៏យើងត្រូវអភិវឌ្ឍន៍ដែរ នៅកោះកុង នៅកំពត ។ ប៉ុន្ដែសម្រាប់សក្ដានុពល និងការវិនិយោគយើង ដូចគ្រោងពីនេះទៅដល់ ឆ្នាំ២០២៩ នូវជំហានទី៣ យើងគ្រោងវិនិយោគជិត ១ពាន់លានដុល្លារបន្ថែមទៀត ។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្ដី បានអះអាងថា ឥឡូវនេះ ជំហានទី១ មានការពង្រីក ពង្រឹង ខេត្តព្រះសីហនុ ហើយកាលពីឆ្នាំទៅ សម្ដេច ក៏បានអញ្ជើញសម្ពោធកំពង់ផែនៅខេត្តព្រះសីហនុ ដោយចំណោយថវិកាជាង ២០០លានដុល្លារ ដោយឥណទានសហការជាមួយជប៉ុន ។ ដូច្នេះ នៅសល់ ២ដំណាក់កាលទៀត ជាង  ៦០០លានដុល្លារ ។ រាជរដ្ឋាភិបាល មានការវិនិយោគធំណាស់ ទៅលើកំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែជាផែអន្ដរជាតិនោះទេ តែរៀបចំជាតំបន់ភស្ដុភារកម្ម ដើម្បីបម្រើវិស័យដឹក ជញ្ជូន ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ ដូចនេះ រាជរដ្ឋាភិបាល បានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមក នូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ ។ ទន្ទឹមនឹងនេះ ក៏ទាមទារឱ្យមានការបណ្តុះបណ្តាល ធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុ ជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួន សម្រាប់ទទួលផលនៃការវិនិយោគនេះ ។

សម្តេចធិបតី បានបញ្ជាក់អំពីមតិដែលធ្លាប់លើកឡើង វាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេស មតិរិះគន់ ដែលប្រាសចាកពីការពិត ដោយជ្រើសរើសយក ការកសាង និងពង្រីកសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្តេច ក៏បានសម្តែងការអបអរសាទរ សមិទ្ធផល ក្នុងសម័យសន្តិភាព ដោយមិនអង្គុយរង់ចាំតូចចិត្ត ឬបាក់ទឹកចិត្តចំពោះតែមតិរិះគន់ ប៉ុន្តែ ផ្ទុយទៅវិញ គឺត្រូវប្រឹងប្រែងបន្តធ្វើ បន្តកសាង និងអភិវឌ្ឍជាតិ ឱ្យកាន់តែសកម្ម ដោយឈរលើ “អ្នកកាន់តែថា ខ្ញុំកាន់តែធ្វើ ” ដូចនេះ វិធីសាស្ត្រដែលល្អបំផុត គឺ ១/ កុំឈឺក្បាលជាមួយអ្នកថា ហើយ ២/ ថាកន្លែងណា គឺធ្វើកន្លែងហ្នឹង ដេីម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន  ដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ជ្រើសរើសយក ជម្រើស«ស្នេហ៍មិនឈ្នះស្និទ្ធ» តាមរយៈការខិតខំបង្កើតសមិទ្ធិផលជាច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋឱ្យទទួលផលជាក់ស្តែង ៕

ដោយ ៖ សិលា


ចែករំលែក៖