ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា បានចុះធ្វើការណែនាំ ផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ និងវិធានអនាម័យ នៅតាមហាងលក់ដូរ និងលក់ម្ហូបអាហារនានាដែលមានទីតាំងស្ថិតនៅបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ៖ គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុង វិស័យម្ហូបអាហារ និងពន្យល់បញ្រ្ជាបដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តាមសាលារៀន ឱ្យបានយល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ក្នុងនោះ ជាគុណប្រយោជន៍ធំធេង ការពារដល់សុខមាលភាព សុខភាព ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ បរិភោគជាដើម ៕
ដោយ ៖ សិលា