ព័ត៌មានទាន់ហេតុការណ៍៖

កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក អាច​ជួយ​សហគមន៍រក​ចំណូល​កើន​​ច្រើន​ជាង​មុន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ប្ញ​ស្សី រីករាយ​ដោយ​ឃើញ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ មានដំណើរ​ការ​ល្អ​ ។ យោង​តាម​របាយការណ៍​របស់អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី ដែល​ផលិត​ដោយ​ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ បាន​កើនឡើង​ជិត​បួន​ដង ពី ២១២ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដល់ ៨០៦ ដុល្លារ ក្នុង​ឆ្នាំ ២០២០​ ។

អង្គការ​បាន​បន្ត​ថា ៖ «​កំណើន​នេះ​បាន​កើនឡើង​ដោយសារ ក្រុម​អាជីវកម្ម​ប្ញ​ស្សី​ខ្នាត​តូច​នេះ បាន​ផលិត​និង​កែ​ច្នៃ​បន្ថែម​ឱ្យ​មាន​ផលិតផល​ច្រើន​ប្រ​ភេ​ទៀ​ផ្សេង​គ្នា និង​បាន​កែក​លម្អ​គុណភាព​នៃ​ផលិតផល​ប្ញ​ស្សី​របស់​ពួក​គាត់​ក្រោយ​ពី​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កែ​ច្នៃ​ប្ញ​ស្សី ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ក្រោម​គម្រោង​អភិ​វ​រក្ស​ដែល​ជ​ម្រ​សត្វព្រៃ​កែវ​សីមា ព្រមទាំង​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់ ពី​ការ​ឈប់​ប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក មក​ប្រើប្រាស់​សម្ភារៈ​ផលិត​ពី​ប្ញ​ស្សី​វិញ​»​។

ក្រុម​នេះ​មាន​សមាជិក ២៧ ​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៥​នាក់​មក​ពី​ភូមិ​ចំនួន​បី​គឺ ពូ​ចា ពូ​គង់ និង​អូរ​ច្រា ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។ សម្ភារប្រើប្រាស់​ដែល​ក្រុម​នេះ​ផលិត រួម​មាន​កំសៀវ​ទឹក កែវ​ទឹកធំ​មាន​ដៃ ពែង​ទឹក ប្រដាប់​ប្រដាក់​ទៀន​ក្រអូប ប្រអប់​ដាក់​ក្រដាស​ជូត​ដៃ ពម្ព​ក់​ព្យួរ​ខោអាវ ឧបករណ៍​បំពង​សម្លេង​ទូរស័ព្ទ​ដៃ ប្រដាប់​ដាក់​ប៊ិ​ច បំពង់​សម្រាប់​ដាក់​គ្រឿង​ធ្វើ​ម្ហូប (​ផ្ទះបាយ​) ថូផ្កា និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រែ​ព្រះ​» គឺជា​សហគ្រាស​សហគមន៍ បាន​បង្កើត​ឡើង​កាលពី ខែកញ្ញា ឆ្នាំ ២០១៨ ដោយ​ទទួល​បានការ​គាំទ្រ​ថវិការ​ពី​ទី​ភ្នា​ក់ ជំនួយ​អា​មេ​រិ​ក USAID​ គម្រោង​រេ​ដ​បូក និង​គម្រោង​កាំ​ប៉ាស់ ក្នុង​គោលបំណង ដូច​ខាងក្រោម​នេះ ​៖
១) ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ របស់​សមាជិក​នៃ​ក្រុម​កែ​ច្នៃ២) បង្ហាញ​អំពី​ការ​ប្រើប្រាស់​ធនធាន​ប្ញ​ស្សី នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ ប្រកបដោយ​និរន្តរភាព
៣) លើកទឹកចិត្ត​សហគមន៍​ឱ្យ​ដាំ​ស្តារ​ប្ញ​ស្សី​ឡើង​វិញ នៅ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ស្ថិត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ​ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​របស់​ក្រុម​កែ​ច្នៃ​ប្ញ​ស្សី​នេះ រួម​មានការ​បណ្តុះ​និង​ដាំ​ប្ញ​ស្សី​នៅ​លើ​តំបន់​ដែល​បាន​កាប់​បំផ្លាញ និង​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី​សម្រាប់​លក់ ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រៃ​ព្រះ​» ត្រូវ​បាន​បង្កើត​ឡើង​និង​គាំទ្រ​ដោយ​ភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក ក្រោម​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​អង្គការ WCS ជា​អ្នក​អនុវត្ត​គម្រោង​នេះ​ ។

បច្ចុប្បន្ន ក្រុម​នេះ​កំពុង​គ្រប់គ្រង​ព្រៃ​ប្ញ​ស្សី​ទំហំ ៦៩ ហិ​កតា ស្ថិត​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ ក្នុង​នោះ​មាន ប្ញ​ស្សី ៤ ​ប្រភេទ​គឺ ប្ញ​ស្សី​ថ្ងរ ប្ញ​ស្សី​ព្រៃ ប្ញ​ស្សី​ខ្លី និង​ប្ញ​ស្សី​រលាក ​។ សមាជិក​ក្រុម​នេះ បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេកទេស​ប្រមូល​ផល​ប្ញ​ស្សី​ប្រកបដោយ​និរន្តរភាព ការ​រៀបចំ​ធ្វើ​ផែនការអាជីវកម្ម គ្រប់គ្រង​សារពើ​ភ័​ណ្ឌ​ប្ញ​ស្សី ការ​បែងចែក​ផលប្រយោជន៍ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ​។

សមាជិក​ក្រុម ប្រើប្រាស់​ចំណូល​បាន​ពី​ការ​លក់​ផលិតផល​ប្ញ​ស្សី​នេះ សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​ក្នុង​គ្រួសារ និង​រក្សា​ទុក​មួយ​ផ្នែក​សម្រាប់​ចំណាយ​លើ​ការងារ​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ ។ ក្រុម​នេះ​សង្ឃឹមថានឹង​បន្ត​លក់​ផលិតផល​ប្ញ​ស្សី​កែ​ច្នៃ ពង្រីក​ផ្ទៃដី​ដាំ​ប្ញ​ស្សី​បន្ថែម ដើម្បី​ស្តារ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ឡើង​វិញ នៅ​ទូ​ទាំង​សហគមន៍​ការពារ​ធម្មជាតិ និង​សិក្សារ​វាយតម្លៃ​អំពី​តម្រូវការ​ទីផ្សារ និង​លទ្ធភាព​ក្នុង​ការ​ផលិត​ប្រភេទ​សម្ភារៈ​ប្ញ​ស្សី​ផ្សេង​ៗ​ទៀត​ ៕

ដោយ៖ សូរិយា


ចែករំលែក៖