ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មុខសញ្ញាលួចទូរស័ព្ទដៃរាប់រយគ្រឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពត​ ៖ មុខសញ្ញាជនសង្ស័យ​ម្នាក់​​ដែល​ធ្វើ​សកម្មភាព​គាស់​​ហាងលក់ទូរស័ព្ទ​​យ៉ាង​សកម្ម​លួច​យក​​បាន​ទូរ​សសព្ទ័ដៃរាប់រយគ្រឿងនៅក្នុងខេត្តកំពតកាលពីអំឡុង​ខែ​មករា និង​កុ​ម្ភៈ ឆ្នាំ​២០២១​ កន្លង​​ទៅ​​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពតសហការជាមួយកម្លាំងនគរបាល​ខេត្តបាត់ដំបង​ចាប់ឃាត់ខ្លួន​បាន​​ហើយ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះប្រព្រឹត្តទៅកាលពី​វេលា​ម៉ោង​១​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា ឆ្នាំ​២០២១​ នៅ​ចំណុច​ក្រុម​ទី​៥ ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។​
ជនសង្ស័យ​​​ម្នាក់ខាងលើ​នេះឈ្មោះ ​ហែម ហ៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។
ដោយឡែកវត្ថុតាងដែលសមត្ថកិច្ច​​​ដកហូត​បាន​រួម​មាន​ ទូរ​ស័ព្ទ​ចំនួន​៥​គ្រឿង, កាបូបស្ពាយ ពណ៌​ខ្មៅ​ចំនួន​១, អាវ​ក្រណាត់​ដៃ​វែង​ពណ៌​ឈាម​ជ្រូក​ចំនួន​១, ខោ​ខូ​វ​ប៊​យ​ជើងវែង​ពណ៌​ខៀវ​ចំនួន​១ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​ជនរងគ្រោះលួច​យក​ទូរ​ស័ព្ទ​ដៃ​បាន​ចំនួន​២​លើក​នា​ពេល​កន្លង​មក​នៅ​ក្នុង​ខេត្តកំពត​ ដោយលើក​ទី​១-​​កាលពី​​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ មិន​ចាំ​ម៉ោង ​ខ្លួន​លួច​នៅ​ហាង​ទូរ​ស័ព្ទ​ដៃ​យីហោ​ទូក​មាស​ថ្មី ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត យក​បាន​ទូរ​ស័ព្ទ​ដៃ​ចំនួន​៨០​គ្រឿង​។

ជនសង្ស័យបានសារភាពបន្ត​ថា លើក​ទី​២-នៅ​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ ២០២១ ខ្លួន​បាន​ចូល​លួច​នៅ​ហាង​លក់​ទូរ​ស័ព្ទ​ដៃ​យីហោ​(​ធី​បញ្ញា​ពេជ្រ​) ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត យក​បាន​ទូរ​ស័ព្ទ​ដៃគ្រប់ម៉ាក​​ចំនួន២៩៧​គ្រឿង​​។
ក្រោយពេលធ្វើការ​សាកសួររួច នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ ២០២១ នេះជនសង្ស័យ​​ម្នាក់ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ចម្រុះ​ជាមួយនាយកដ្ឋាន​ក្រសួងមហាផ្ទៃ​និង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ប្រគល់​ជូន​ទៅកម្លាំង​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពតដើម្បី​​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖