ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ប្រគល់សម្ភារសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់សម្ភារសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ នៅបរិវេណរដ្ឋបាលសាលាខេត្តតាកែវ។

មានប្រសាសន៍ជាមួយ មន្រ្តីជំនាញសុខាភិបាល នាឱកាសនោះដែរលោក អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យ ជំនាញដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដាន សុខភាពជូនប្រជាពលរដ្ឋ ព្រមទាំង បានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការ គ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពី ក្រៅ ប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ កុំឱ្យបន្តកើតមានឡើងនៅសហគមន៍របស់យើងទាំងអស់គ្នា។

សម្ភារៈដែលលោកអភិបាលខេត្ត ផ្ដល់ជូននាឱកាសនោះរួមមាន៖ ជូនមន្ទីរសុខាភិបាលខេត្ត ៖ ម៉ានស៊ីនបាញ់ថ្នាំ ០១គ្រឿង ថ្នាំសម្លាប់មេរោគ ០៨ប៊ីដុង និងម៉ាស់ ៧៥០០ម៉ាស់និងស្រុកប្រតិបត្តិទាំង០៦ ទទួលបានថ្នាំបាញ់សម្លាប់មេរោគ ក្នុងមួយស្រុកប្រតិបត្តិ ចំនួន ០៤ប៊ីដុង ស្មើនឹង ១២០លីត្រ។

សរុបសម្ភារៈផ្ដល់ជូនរួមមាន ៖ ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ថ្នាំសម្លាប់មេរោគ ៣២ប៊ីដុង ស្មើនឹង ៩៦០លីត្រ និងម៉ាសចំនួន ៧៥០០ម៉ាស់ ផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖