ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រត់មកពីខេត្តព្រះសីហនុ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ ទីបំផុតមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា

ចែករំលែក៖

ខេត្តកែបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមលទ្ធផលដែល ប្រកាសដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បាន បញ្ជាក់ថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវី១៩ ចំនួន០១នាក់ ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញ របស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បាន ចុះទៅពិនិត្យសួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំ យកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវិដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
អ្នក ដែលពាក់ព័ន្ធផ្ទាល់រួមមាន៖

១- ឈ្មោះ ប៉ែន ណាវី ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

២- ឈ្មោះ សៀម ស្រីទូច ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៣-ឈ្មោះ សៀង គឺ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៤- ឈ្មោះ ដាន ត្រូវ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប
៥- ឈ្មោះ ស្រេង ចាន់ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប។

បុគ្គលប៉ះពាល់ផ្ទាល់ទាំង ០៥នាក់នេះ បានយក សំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័កខេត្តដោយមានការដាក់កម្លាំងការពារប្រចាំការយ៉ាងម៉ត់ចត់។

បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ កំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩នេះបន្តទៀត។

ទន្ទឹមនេះ សូមអញ្ជើញបងប្អូនផ្សេងៗទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលវិជ្ជមាន និងមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ពិបាកដកដង្ហើម សូមទំនាក់ទំនងក្រុមការងារ តាមរយៈ ទូរស័ព្ទលេខ ០១៦ ៣៣៨ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្តសំណាកឱ្យបានឆាប់បំផុត។ ដោយឡែកចំពោះអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើ ចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍៕

ដោយ៖ សិលា


ចែករំលែក៖