ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសបង្កើតមានសតិមិនគ្រប់យកកន្ត្រៃចាក់ប្អូនប្រុសរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងបងប្អូនបង្កើត ដោយជនបង្កជាបងមានសតិមិនគ្រប់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនព្រោះតែយកកន្តៃ្រចាក់ទៅលើប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

   ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោង១៨៖៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នំា២០២១ នៅក្នុងភូមិសំពុង ឃុំថ្មអណ្ដេីក ស្រុកចិត្របុរី ខេត្តក្រចេះ។

   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះទីវ បញ្ញា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកឯជនសង្ស័យឈ្មោះទីវ សាយ ភេទប្រុស អាយុ៤៣ឆ្នំា ជនជាតិខ្មែរ ត្រូវជាបងមានសតិមិនគ្រប់(វិបល្លាស)។

   ប្រភពបន្តថា រឿងហេតុផ្តើមចេញពីពីរនាក់បងប្អូនរស់នៅផ្ទះរួមគ្នាស្ថិតក្រោមអាណាព្យាបាលឪពុកម្ដាយ ហើយនៅពេលដែលជនរងគ្រោះឈ្មោះទីវ បញ្ញា ទៅរកហូបបាយ ស្រាប់តែជនបង្កឈ្មោះទីវ សាយ យកកន្ត្រៃចាក់ទៅលើប្អូនប្រុសតែម្តងត្រូវចំកណ្ដៀតក្អមខាងឆ្វេងមុតហូរឈាមទើបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗដែរ។ 

   ឯជនដៃដល់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មអណ្ដើកដើម្បីចាត់ការតាមនីតិវិធីបន្តផងដែរ៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖