ភ្នំពេញ៖ អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។
តារាចំរៀង អ្នកនាង សួស វីហ្សា បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា, អ្នកនាងបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។ នាងបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធិ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។
សូមបញ្ជាក់ថា, តារាចំរៀងរស្មីហង្សមាស តែងតែផ្តល់ព័ត៌មានពីបញ្ហាខ្លួនមានជំងឺកូវីដ-១៩ អោយសាធារណជនបានដឹង ដើម្បីមានវិធានទប់ស្កាត់ ហើយសូមអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
តារាចំរៀង អ្នកនាង សួស វីហ្សា បានប្រាប់សារព័ត៌មានបន្ថែមទៀតថា , នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ Great Duke។ នាងថា ខ្លួនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣
អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង។
សូមជម្រាបជូនថា, បេីតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រកឃេីញករណីឆ្លងថ្មីចំនួន ៧៣នាក់
-សហគមន៍ ៧១នាក់
-អ្នកដំណើរពីបរទេស ០២នាក់ ក្នុងនោះ៖ ភ្នំពេញ (២៨) ព្រះសីហនុ (៣២) កំពង់ធំ (៥) កណ្ដាល (៣) សៀមរាប (១) ព្រៃវែង (១) កែប (១)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ៖
– អ្នកឆ្លងសរុប= ១៧៥៣ នាក់
– អ្នកជាសះស្បើយ= ៩៦៧ នាក់
– អ្នកកំពុងព្យាបាល= ៧៨១ នាក់
– អ្នកស្លាប់= ០៣ នាក់៕
ដោយ៖ សិលា