ខេត្តបាត់ដំបង ៖ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន បានទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ៤ នាក់ , ក្នុងនោះមានស្រី ១ នាក់ ក្មេងប្រុស១ នាក់ និងក្មេងស្រី ១ នាក់នៅចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងដើម្បីយកទៅធ្វើចត្តាឡីស័ក ។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បន្ទាប់ពីដឹងថា ប្រជាពលរដ្ឋទាំងនោះចេញចូលទៅធ្វើការនៅប្រទេសថៃមិនស្របច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួររួចសមត្ថកិច្ចចម្រុះបានធ្វើការអប់រំណែនាំបងប្អូនទាំងនោះ ព្រមទាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
ដោយ៖ ប្រាថ្នា