ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងជិះម៉ូតូបាញ់ប្រហារសម្លាប់មនុស្ស១៣៧នាក់ នៅប្រទេស Niger

ចែករំលែក៖

មានមនុស្សដល់ទៅ ១៣៧ ស្លាប់ដោយការបាញ់ប្រហារពីក្រុមខ្មាន់កាំភ្លើងនៅក្នុងភូមិមួយស្ថិតនៅតំបន់ Tahoua ប្រទេសនីហ្សេ(Niger) ជាប់ព្រំដែនប្រទេសម៉ាលី ។ នៅថ្ងៃទី ២២ខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលនីហ្សេ លោក Abdoulraman Zakaria បានឲ្យដឹងថា ខ្មាន់កាំភ្លើងមួយក្រុមបានបើកការបាញ់ប្រហារនៅក្នុងភូមិជាច្រើន ក្នុងតំបន់ Tahoua ជាប់ព្រំដែនប្រទេសម៉ាលី បណ្តាលឲ្យមនុស្ស១៣៧នាក់ស្លាប់។ សារព័ត៌មាន AFP បានផ្សាយថា ខ្មាន់កាំភ្លើងជិះម៉ូតូ បាញ់ប្រហារលើពលរដ្ឋរស់នៅក្នុងភូមិ Intazayene, Bakorat និង Wistane ជាប់ព្រំដែនប្រទេសម៉ាលី ។ រដ្ឋាភិបាលNiger បានចោទប្រកាន់សកម្មភាពខាងលើគឺជាអំពើព្រៃផ្សៃបំផុត មិនអាចទទួលយកបានឡើយ។ លោក Zakaria អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា កម្លាំងយោធាបានបញ្ជូនទៅកាន់តំបន់ខាងលើដើម្បីបង្ក្រាបក្រុមឧទ្ទាម ។ ប្រធានាធិបតី Mohamed Bazoum បានប្រកាសកាន់ទុក្ខ៣ថ្ងៃទូទាំងប្រទេស ដល់ជនរងគ្រោះស្លាប់ដោយការបាញ់ប្រហារនេះ។ ប្រទេសនីហ្សេ និងបណ្តាប្រទេស នៅជុំវិញវាលរហោឋាន Sahel ដែលមានក្រុមឧទ្ទាមជាច្រើន ធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្ស ចាប់ជំរិត ប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ។ ក្រុមឧទ្ទាមទាំងនោះមានទំនាក់ទំនង ជាមួយ ក្រុមភេរវកម្ម IS និងអាល់កៃដាដើម្បីបង្កើតទីតាំងគ្រប់គ្រងនៅទ្វីបអាហ្វ្រិក។ កាលពីសប្តាហ៍កន្លងមក មានមនុស្ស ៥៩នាក់ស្លាប់ ក្នុងការវាយប្រហារនៅក្នុងផ្សារ ស្ថិតនៅតំបន់ Tillaberi ប្រទេសនីហ្សេ៕ដោយ៖ធី រីណា

រូបភាព៖Reuters


ចែករំលែក៖