ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពីការបើកផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា សម្រាប់ខែមេសានិងខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១។

ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច លោក លោកស្រីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន លោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា ការបើកផ្តល់ បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០០១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖

១) ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

២) ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភានិងខែបន្តបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយ អនុវត្តតាមស្មារតីសារាចរលេខ ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗជូនមន្ត្រីរាជការស៊ីវិលនិងមន្ត្រីសាធារណៈផ្សេងទៀត។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច លោក លោកស្រី ប្រធានក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ អង្គភាពពាក់ព័ន្ធ មេត្តាសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ តាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖