ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃសែនឆេងម៉េង សមត្ថកិច្ចជំនាញ ក ប ប ខេត្តបន្តរកឃើញពពុះសណ្ដែកជាច្រើនគីឡូក្រាមមានសារធាតុគីមី ( Borax ) នៅផ្សារស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងបរិបទទប់ស្កាត់កូវីដ-១៩ផងនិងមានការយកចិត្តទុកដាក់ផ្នែកសុខភាពរបស់បងប្អូនប្រជាពលរដ្ឋផង លោកផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងសហការជាមួយក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារនិង​ទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ដោយបន្តរកឃើញពពុះសណ្តែកមានសារធាតុគីមី ( Borax ) ជាច្រើនគីឡូក្រាមនាព្រឹកថ្ងៃទី២៣ខែមិីនាឆ្នាំ២០២១ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

   លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឱ្យដឹងថា ថ្ងៃនេះមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននៅផ្សារស្វាយជ្រំ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន១៩គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

  ជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ពពុះសណ្តែកចំនួន ៥គ.ក្រ.ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយបន្តទៀត ។

  លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល ស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រី(ក ប ប )របស់លោក នឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា ។

  លោកក៏បានសង្កត់ធ្ងន់លើសុខភាពសំខាន់បំផុតរបស់បងប្អូនខណៈជិតដល់ថ្ងៃសែនឆេងម៉េងហើយសូមមានការប្រុងប្រយ័ត្នទៅលើពពុះសណ្ដែក ព្រោះបងប្អូនយកទៅធ្វើម្ហូបអាហារ ពិសេស

សម្លចាប់ឆាយនិងរបស់របរផ្សេងទៀត។ពេលកន្លងមកមន្ត្រីជំនាញបានចុះអង្កេតនៅលើទីផ្សារជាញឹកញាប់ឃើញថាបងប្អូនអាជីវករទូទាំងខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់ផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖