ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំបន្ថែម ស្តីពីការការពារការវីរុសកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៣ថ្ងៃ ក្នុងពីធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា សូមគោរពជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់មេត្តាជ្រាបថា៖ យោងតាមសារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ ក្នុងបរិការណ៍នៃ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលប្រទេសជាតិបាន និងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានា ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំ និងក្រើនរំលឹកជូនដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់ ឱ្យប្រកាន់យកនូវការរស់នៅស្អាតដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណា និងនៅទីកន្លែងណាក៏ដោយ និង អនុលោមទៅតាមបទបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ក្រសួងសូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម ៖

១. ចំពោះវត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីង-១៩ ដោយម៉ត់ចត់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះនៅពេលឈរ អង្គុយ ឈររង់ចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ។

២. អនុវត្តវិធានការ -៣ ការពារ” និង “៣ កុំ” ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀត ឱ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។
៣. ចៀសវាងនូវការរៀបចំពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និង មានមនុស្សចូលរួមច្រើន។

៤. ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះដោយអនុវត្តន៍ជាប្រចាំតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO)។
៥, ករណី មានការសង្សយសូមទាក់ទងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងលេខ Hotline ១១៥។ ទទួលបានសេចក្តីណែនាំនេះ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងបណ្តាអង្គភាពនានា ចំណុះឱ្យក្រសួងទាំងអស់ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួល បាននូវសុខភាពល្អ ជៀសផុតពីការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖