ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រភេទទេសចរណ៍បើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកម៉ូតូបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តប្រភេទទេសចរណ៍បើកមិនគោរពសិទ្ធិអាទិភាពក្នុងទិសដៅផ្ទុយគ្នាបុកជាមួយម៉ូតូពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នករងគ្រោះមានឈ្មោះញ៉ែម ឡាចជំនន់  អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ស៊ាន ប្រាល់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កម្មករ​រោងចក្ររស់នៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយពេលឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៧០៧៩ ក្នុងទិសដៅពីលិចទៅកើតលើផ្លូវលេខ ៣១៤  ខណៈនោះស្រាប់តែមានរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-២៧៧៦ បើកឆ្លងផ្លូវពីជើង​ទៅត្បួង មិនគោរពសិទ្ធិអាទិភាពក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមកអ្នករបួសទាំង២នាក់ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖