អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ បានចុះផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើការចំណាយកញ្ចប់ថវិកាជាង ៣ទ្រីលានដុល្លារលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហរដ្ឋអាមេរិក រួមទាំងគម្រោងអាទិភាពជាច្រើនទៀតដែលក្រុមទីប្រឹក្សារបស់លោក បៃដិនគ្រោងនឹងលើកយកមកជជែកពិភាក្សាជាមួយរូបលោក នៅក្នុងសប្ដាហ៍នេះ។
សូមជម្រាបថា កាលពីខែមករា កន្លងទៅលោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតី ធ្លាប់បានសន្យាថានឹងប្រឹងប្រែងដើម្បីឱ្យកញ្ចប់ថវិកាទី២ ដែលមានគោលដៅ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកត្រូវបានអនុម័តដោយសភា ហើយកញ្ចប់ថវិកានេះទៀតសោតនឹងត្រូវបានបែងចែកជាពីរ ដោយមានទំហំសរុប ៣ទ្រីលានដុល្លារ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់លោក បៃដិន ត្រូវបានបញ្ចេញ បន្ទាប់ពីកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពីCOVID-19 មានទំហំ១.៩ទ្រីលានដុល្លារ ត្រូវបានសភាអនុម័ត និងត្រូវបានលោកបៃដិនផ្ទាល់ចុះហត្ថលេខាកាលពីដើមខែមីនាកន្លងទៅនេះ៕ ដោយ៖ស តារា
រូបភាព៖ឯកសារ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន