ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ របស់ក្រុមហ៊ុន AstraZeneca

ចែករំលែក៖

នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតដោយក្រុមហ៊ុន AstraZeneca មុនពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស។ តាមគម្រោង ប្រធានាធិបតី កូរ៉េខាងត្បូង នឹងទៅកាន់ប្រទេសអង់គ្លេសចូលរួមកិច្ចប្រជុំ G7 ដែលនឹងធ្វើឡើងនៅខែមិថុនាឆ្នាំ២០២១។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ប្រធានាធិបតី បានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ហើយនៅថ្ងៃនេះ ។ កន្លងមកនាយករដ្ឋមន្ត្រីអង់គ្លេស បានផ្ញើលិខិតអញ្ជើញដល់ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីឥណ្ឌា និងអូស្ត្រាលីចូលរួមនៅក្នុងកិច្ចប្រជុំG7 ក្នុងនាមជាភ្ញៀវអញ្ជើញ។
នៅថ្ងៃទី២៣ខែមីនា ប្រធានាធិបតី មូន ជេអុីន និងបុគ្គលិកពេទ្យជូរមុខ ព្រមទាំងមនុស្សចាស់មានវ័យ ៦៥ឆ្នាំឡើង ដែលរស់នៅមណ្ឌលចាស់ជរា ប្រមាណ៣សែននាក់ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
តាមការលើកឡើងរបស់នាយកដ្ឋាន គ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង(KDCA)បានឱ្យដឹងថា មានក្រុមអ្នកជួរមុខប្រមាណ ៦៨០ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំង ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង នៅដើមខែកុម្ភៈឆ្នាំ២០២១មក។
មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថាគោលដៅចាក់ជូនពលរដ្ឋ ប្រមាណ ១/៤ ក្នុងចំណោមពលរដ្ឋ៥២លាននាក់ នៅខែមិថុនា ខាងមុខ ហើយចាក់ជូនពលរដ្ឋទាំងស្រុងនៅខែវិច្ឆិកាឆ្នាំ២០២១។
នៅថ្ងៃទី ២២ខែមីនា មន្ត្រីជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេរកមិនឃើញមានបញ្ហាសុខភាពក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នោះទេ។ កន្លងមកប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប បានលើកឡើងថា មានការកកឈាមក្រោយចាក់វ៉ាក់សាំង៕ ដោយ៖ ធីរីណា

រូបភាព៖Yonhap


ចែករំលែក៖