ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ពូជសត្វពពែចំនួន៣០ក្បាល ផ្ដល់ជូនដល់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីយកទៅចិញ្ចឹម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រៅពីការងារអនុវត្តច្បាប់ក្នុងបុព្វហេតុការពារ និងអភិរក្សធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព, ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វខ្នាតតូច ក៏ជាភារកិច្ចដែលមន្រ្តីឧទ្យានុរក្សគប្បីត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំផងដែរ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទៅទទួលយកសត្វពពែសរុបចំនួន៣០ក្បាល ដែលជាការផ្ដល់ជូនពីសំណាក់ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឲ្យមន្រ្តីឧទ្យានុរក្សយកទៅថែទាំ និងចិញ្ចឹម។ 

បច្ចុប្បន្នសត្វពពែទាំង៣០ក្បាល ដែលទទួលបានពី លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺបានយកទៅដល់ស្នាក់ការអភិរក្សបរិស្ថានក្នុងដែនជម្រកសត្វព្រៃស្រែពក ចំនួន១៥ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន១៥ក្បាល ប្រកបដោយសុវត្ថិភាព។ 

ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអនុញ្ញាតគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខភាព និងការរស់នៅរបស់មន្រ្តីឧទ្យានុរក្ស តាមរយៈការផ្ដល់ជាពូជសត្វពពែ ដើម្បីផ្ដល់ឱកាសបន្ថែមដល់មន្រ្តីឧទ្យានុរក្សទៅលើចំណីអាហារបរិភោគ និងការរស់នៅស្អាតប្រកបដោយអនាម័យ និងបរិស្ថានស្អាត ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការបំពេញការងារមានភាពស្វាហាប់ ជាពិសេសការគិតគូរទៅលើសុខភាពរបស់មន្រ្តី។

បើតាមការរំពឹងទុករបស់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញថា រោងចិញ្ចឹមសត្វពពែនេះ នឹងអាចផ្ដល់និងចែកចាយបន្តទៅកាន់ដែនជម្រកសត្វព្រៃដទៃទៀតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នៅពេលដែលពួកវាបានបង្កកំណើតជាកូនតូចៗបានច្រើន៕

ដោយ ៖ សូរិយា


ចែករំលែក៖