ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមួយគ្រឿងរួចកិនចំក្បាលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈដែលជិះម៉ូតូមួយគ្រឿងហើយត្រូវរថយន្ដក្រឡុកស៊ីម៉ងត៍បើកកៀររួចកិនចំក្បាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯតៃកុងរថយន្តបង្កឈ្មោះសាន សែន អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសំរោងក្អែ ស្រុកសំរោងធំ ខេត្តកណ្តាល។

  បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកឃ្លីកមួយគ្រឿង ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-8049 បើកបរដោយយុវជនម្នាក់

ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1750 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវលេខ៥៩៨ រថយន្តបត់ស្តាំដៃ បានកៀរម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកនឹងថ្នល់ចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖