អន្តរជាតិ៖ ជនភៀសខ្លួនចំនួន១៥នាក់ស្លាប់ ខណៈជាង៤០០នាក់ទៀតបាត់ខ្លួនក្នុងហេតុការណ៍ឆេះជំរំជនភៀសខ្លួន Balukhali ក្នុងតំបន់ Cox’s Bazar របស់បង់ក្លាដែស។ ភ្លើងឆេះនេះបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានទីជម្រក ខណៈភ្លើងឆេះខ្ទមរាប់ពាន់ខ្នង។ នេះបើតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) អះអាងនៅថ្ងៃទី២៣ ខែមីនា។
ជាក់ស្ដែងជំរំជនភៀសខ្លួន Bulukhali មានជនជាតិរ៉ូហ៊ីងយ៉ារស់នៅប្រមាណ១២៤,០០០នាក់ ដែលស្មើទៅនឹង១០ភាគរយនៃចំនួនជនភៀសខ្លួនដែលរត់ចេញពីការធ្វើបាបរបស់យោធាមីយ៉ាន់ម៉ា។ ប៉ុន្តែហេតុការណ៍ភ្លើងឆេះក្នុងជំរំនេះ បានសម្លាប់មនុស្សអស់១៥នាក់ និងជាច្រើនរយនាក់ទៀតគ្មានដំណឹង។
បេីតាមការលើកឡើងរបស់លោក Johannes Van der Klaauw មន្ត្រី UNHCR ក្នុងសន្និសីទព័ត៌មានពីរដ្ឋធានីដាកា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖«យើងរកមិនទាន់ឃើញមនុស្ស៤០០នាក់ផ្សេងទៀត។ ប្រហែលជាពួកគេស្ថិតនៅក្រោមគំនរដែលឆាបឆេះ»។ លោកបន្ថែមថា មនុស្សចំនួន៥៥០នាក់រងរបួស និងប្រមាណជា៤៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងផ្សេងទៀត។
បន្ថែមពីនេះ មន្ទីរពេទ្យសំខាន់ចំនួន៣ក្នុងជំរំត្រូវបានបំផ្លាញដែលក្នុងនោះមានមន្ទីរពេទ្យចំនួន២របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងមួយទៀតដែលជារបស់រដ្ឋាភិបាលតួកគី។
បើតាមទីភ្នាក់ងារព័ត៌មាន Reteurs បានចុះផ្សាយថា ភ្លើងចាប់ផ្តើមឆេះនៅល្ងាចថ្ងៃទី២២ ខែមីនា។ ចំណែកលោក Sanjeev Kafley ប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំបង់ក្លាដែស ក៏បាននិយាយថា កន្លែងស្នាក់នៅចំនួន១,៧០០០កន្លែងត្រូវបានបំផ្លាញ។ ដោយឡែកបុគ្គលិកកាកបាទក្រហម និងអ្នកស្ម័គ្រចិនរាប់ពាន់នាក់ធ្វើការជាមួយក្រុមអ្នកពន្លត់អគ្គិភ័យដើម្បីពន្លត់ភ្លើងដែលឆាបឆេះក្នុងផ្នែកចំនួន៤នៃជំរំ។ ជនភៀសខ្លួនម្នាក់និយាយថា អគ្គិភ័យអាចគ្រប់គ្រងបានក្រោយឆេះអស់រយៈពេល៦ម៉ោង ប៉ុន្តែផ្សែងនៅតែបន្តមានរហូតដល់ព្រឹកថ្ងៃទី២៣ ខែមីនា។
ទាក់ទិននឹងបញ្ហានេះដែរអាជ្ញាធរបង់ក្លាដែស កំពុងស៊ើបអង្កេតមូលហេតុនៃការឆាបឆេះនេះ ខណៈក្រុមអ្នកសង្គ្រោះបន្ទាន់ បុគ្គលិកមនុស្សធម៌ និងជនភៀសខ្លួនផ្សេងទៀតដើររកជនរងគ្រោះដែលមិនទាន់បានរកឃើញ។ មន្ត្រីអង្គការអន្តរជាតិ ក៏ដូចជាជនភៀសខ្លួនបានលើកឡើងថា របងលួសបន្លាដែលព័ន្ទជុំវិញជំរំធ្វើឱ្យជនភៀសខ្លួនមិនអាចរត់ទាន់ចាកចេញពីកន្លែងកើតហេតុទាន់ពេលវេលា ក៏ដូចជាបង្កជាឧបសគ្គក្នុងការសង្គ្រោះផងដែរ។
បេីតាមបុគ្គលិកអង្គការ Fortify Rights លោក John Quinley បានលើកឡើងថា កន្លងមករបងលួសបន្លាទាំងនោះបង្អាក់សកម្មភាពចែកចាយសម្ភារមនុស្សធម៌ និងសេវាចាំបាច់មួយចំនួន។ លោក ប្រាប់ឱ្យរដ្ឋាភិបាលបង់ក្លាដែសត្រូវតែរុះចោលរបងទាំងនោះ និងការពារជនភៀសខ្លួន។
គួរបញ្ជាក់ថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មួយភាគធំបានរត់ចូលទឹកដីបង់ក្លាដែស ដើម្បីគេចចេញពីការបង្ក្រាបដោយក្រុមយោធាភូមាក្នុងឆ្នាំ២០១៧។ ក្រុមអ្នកស៊ើបអង្កេតនៃអង្គការសហប្រជាជាតិនិយាយថាក្រុមយោធាមានបំណងប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើក្រុមជនជាតិនេះ៕ដោយ៖ស តារា
រូបភាព៖គំនរផេះផង់ក្រោយភ្លើងឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
រូបថត៖ AFP